រដ្ឋបាលរាជធានីរៀបចំធ្វើគម្រោងធំមួយដាក់ជូនរាជរដ្ឋាភិបាលដើម្បីដោះស្រាយការជន់លិចនៅភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងប្រមូលធាតុចូលជារួមមួយ ដើម្បីធ្វើជាកញ្ចប់គម្រោងធំតែមួយដាក់ជូនទៅរាជរដ្ឋាភិបាលក្នុងការដោះស្រាយការជន់លិចនៅភ្នំពេញឱ្យបានរយៈពេលយូរអង្វែង។

ក្រោមការអភិវឌ្ឍដោះស្រាយរាល់បញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញអាចនឹងធ្វើឡើងជាកញ្ចប់តែមួយ ដោយបង្កើតជាគម្រោងធំមួយ ស្នើទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនេះឱ្យបានយូរអង្វែងឆ្នាំជាងមុន។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពេលអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសិក្សាអំពីប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកល នាសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងជំនាញពាក់ព័ន្ធជាច្រើន។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការអញ្ជើញអ្នកជំនាញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមកប្រជុំពិភាក្សានាពេលនេះ គឺដើម្បីរៀបចំផែនការបន្តលើការដោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀងឱ្យបានយូរអង្វែង និងជំរុញឱ្យធ្វើកិច្ចការងារនេះជាកញ្ចប់តែមួយ។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា ក្រោយកិច្ចប្រជុំរកធាតុចូលបានគ្រប់ជ្រុងជ្រោយហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងអាចរៀបចំជាគម្រោងធំមួយ ផ្ញើរទៅរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការលិចលង់ដោយជំនន់នេះឱ្យបានល្អ ដែលអាចកាត់បន្ថយការលិចលង់បានពី១៥ទៅ២០ឆ្នាំ។ ពាក់ព័ន្ធនិងការងារនេះរាជរដ្ឋាភិបាល ក៏នឹងពិនិត្យបញ្ហាលិចលង់នៅសណ្ដរស្ទឹងព្រែកត្នោតផងដែរ ដើម្បីរកមធ្យោបាយដោះស្រាយឱ្យបានល្អ ជៀសវាងឱ្យបាននូវការលិចដោយជំនន់ទឹកភ្លៀង ព្រោះថា បើលិចរោងចក្រ សហគ្រាស នោះនឹងមានការខាតបង់ធ្ងន់ធ្ងរ ដែលនេះជាបញ្ហាទាមទាឱ្យមានការរួមគ្នាដោះស្រាយឱ្យបានល្អ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានលើកឡើងថា សម្រាប់រាជធានីភ្នំពេញបានធ្វើការងារច្រើនណាស់ហើយ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង ដោយគិតមកដល់ពេលនេះ គឺបានស្ថាបនាប្រព័ន្ធលូបានជាង ៩២៤គីឡូម៉ែត្រ ហើយនឹងបន្តស្ថាបនាជាបន្តបន្ទាប់ទៀត ។ ជាមួយគ្នានេះក៏បានដោះស្រាយបញ្ហាលិចលង់នេះបានចំនួន ៣២កន្លែងរួចហើយ នឹងនៅពេលថ្មីនេះទៀតបានដោះស្រាយបានចំនួន ៧កន្លែងថ្មីទៀតផងដែរ៕FB_IMG_1693411389326 FB_IMG_1693411394515 FB_IMG_1693411400513 FB_IMG_1693411397832

You might like