រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទរួមថ្នាក់ដឹកនាំចុះពិនិត្យសមិទ្ធផលថ្មីៗ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតសរុបចំនួន ៣៧នាក់ ស្រីចំនួន ១៣នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍ដោយលោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតរួចមក ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ដែលមន្ទីរសម្រេចបាន ដែលជាការចូលរួមចំណែកជាមួយសមិទ្ធផលក្នុងខេត្ត ក៏ដូចជាជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សន្ដិភាព ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការគ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានគួរជាទីមោទន:។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក សេចក្តីស្រឡាញ់និងពរសព្ទសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលកំពុងបម្រើការក្នុងមន្ទីរផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងអំពីការជំរុញកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួង ដែលរួមមាន ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យ ព្រមទាំងការអប់រំផ្លាស់ប្ដូរផ្នត់គំនិត ដើម្បីឱ្យប្រជាជនជនបទកែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងមានផាសុកភាព ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូល។ និងទី៤. ការពង្រឹងស្ថាប័ន និងការគ្រប់គ្រងមន្ដ្រី ក្នុងគោលបំណងបម្រើប្រជាជននៅតំបន់ជនបទប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតទាំងអស់ ដូចខាងក្រោម៖
– ត្រូវបន្ដថែរក្សាសមិទ្ធផល និងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។
– មន្ដ្រីរាជការគ្រប់រូបត្រូវបន្ដខិតខំអភិវឌ្ឍន៍សមត្ថភាព បន្ថែមទៀត ដើម្បីបំពេញគុណវុឌ្ឍិជាមន្ដ្រីរាជការ អាចបំពេញតួនាទី ភារកិច្ចប្រកបដោយសុចរិតភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
– មន្ដ្រីរាជការទាំងអស់ត្រូវរៀនផ្លាស់ប្ដូរផ្នត់គំនិត មានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មានកិច្ចសហការគ្នាល្អ មិនប្រកាន់បក្ខពួក មានការលើកទឹកចិត្ត និងការបែងចែកភារកិច្ចប្រកបដោយតម្លាភាព និងសមភាព។
– ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ត្រូវយកចិត្តទុកដាក់លើការថែទាំអគារមន្ទីរ ថែទាំ និងសម្អាតអនាម័យទាំងក្នុងបរិវេណមន្ទីរ និងក្នុងអគារ ដើម្បីធានាបានទីកន្លែងបំពេញការងារដែលមានអនាម័យល្អ ប្រកបដោយផាសុកភាព។ ពិធីសំណេះសំណាល និងសាកសួរសុខទុក្ខបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។

នារសៀលថ្ងៃដដែល ឯកឧត្ដមរដ្ឋមន្ត្រីបានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនា និងគុណភាពផ្លូវជនបទចំនួន ៥ខ្សែ នៅក្នុងភូមិសាស្ដ្រខេត្តកំពត។ នាឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តកំពត, លោកអភិបាលស្រុកទឹកឈូ, ស្រុកឈូក, ស្រុកអង្គរជ័យ,ស្រុកបន្ទាយមាស ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត។ ខ្សែផ្លូវទាំង៥ ខ្សែនោះរួមមាន៖
– ខ្សែទី១ មានប្រវែងសរុប ១១,៣ គ.ម. ក្នុងនោះ ផ្លូវក្រាលបេតុងប្រវែង ៦ គ.ម. ទទឹង ៦ម៉ែត្រ និងផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៥ គ.ម.
ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលកៅស៊ូមួយជាន់ម្ខាងៗ ១ម៉ែត្រ មានសំណង់លូប្រអប់ ៣កន្លែង, លូមូលមុខ១ សរុប ចំនួន ២៩កន្លែង តភ្ជាប់ពីចំណុចសាលាស្រុកទឹកឈូ ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ទៅដល់ក្លោងទ្វារវត្តកំពូលមាស ភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ។ ផ្លូវនេះមានរយៈពេលសាងសង់ចំនួន ១២ខែ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្រេចលទ្ធផលបាន ៤២%។
– ខ្សែទី២ មានប្រវែងសរុប ៥ គ.ម. ក្នុងនោះ ផ្លូវក្រាលបេតុងប្រវែង ៣៩៤ម៉ែត្រ ទទឹង ៦ម៉ែត្រ និងក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៤ ៤៣០ម៉ែត្រ ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលកៅស៊ូមួយជាន់ម្ខាងៗ ១ម៉ែត្រ មានសំណង់លូប្រអប់ ១កន្លែង, លូមូលមុខ១ សរុប ចំនួន ៩កន្លែង តភ្ជាប់ពីភូមិបុស្សញិញ ឃុំកូនសត្វ ទៅដល់ ភូមិមានរិទ្ធ ឃុំកណ្ដោល ស្រុកទឹកឈូ ។ ផ្លូវនេះមានរយៈពេលសាងសង់ចំនួន ១២ខែ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្រេចលទ្ធផលបាន ៦០%។
ផ្លូវទាំងពីរខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនា
សម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)។
– ខ្សែទី៣ ជាប្រភេទកៅស៊ូពីរជាន់ (DBST) មានប្រវែង ២០ គ.ម.ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយក្រួសម្ខាងៗ ១ម៉ែត្រ មានសំណង់លូប្រអប់ ១០កន្លែង, លូមូលសរុប ចំនួន ៣៩កន្លែង តភ្ជាប់ពីចំណុចទីរួមស្រុកឈូក ភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ទៅដល់ផ្លូវជាតិលេខ៣១ ត្រង់ចំណុចភូមិត្រពាំងរុន ឃុំដំបូងខ្ពស់ ស្រុកអង្គរជ័យ ។ ផ្លូវនេះ សម្រេចលទ្ធផលបាន ៧៨% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែកក្កដា ឆ្នាំ២០២៤ នេះ។
– ខ្សែទី៤ ជាប្រភេទកៅស៊ូពីរជាន់ (DBST) មានប្រវែង ៦,៥ គ.ម. ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយក្រួសម្ខាងៗ ០,៥ម៉ែត្រ មានសំណង់លូប្រអប់ ២កន្លែង, លូមូលសរុប ចំនួន ៩កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ៣៣ ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ទៅដល់ ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ។ ផ្លូវនេះ សម្រេចលទ្ធផលបាន ៩៧% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅដើមខែកក្កដា ឆ្នាំ២០២៤ នេះ។
ខ្សែផ្លូវទី៣ និងទី៤ នេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP3)។
– ខ្សែទី៥ ជាប្រភេទកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៥ ២៨១ ម៉ែត្រ ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលថ្មមិចម្ខាងៗ ១ម៉ែត្រ មានសំណង់លូប្រអប់ ៤កន្លែង, លូមូលសរុប ចំនួន ១៧កន្លែង តភ្ជាប់ពីភូមិត្រពាំងរុន ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ទៅដល់ផ្លូវជាតិលេខ ៣១ ត្រង់ចំណុចភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយ។ ផ្លូវមួយខ្សែនេះ មានរយៈពេលសាងសង់ចំនួន ១៨ខែ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ លទ្ធផលសម្រេចបាន ៧០% ស្ថិតនៅក្នុងក្របខ័ណ្ឌ គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន ។
ក្នុងឱកាសពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំង ៥ខ្សែ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ ព្រមទាំងបានមានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមម្លប់សន្ដិភាពពេញលេញ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានជូនបង្គោល និងអំពូលភ្លើងសូឡាដែលដើរដោយប្រព័ន្ធព្រះអាទិត្យចំនួន២០ឈុត ដល់សហគមន៍កសិកម្មសែនហានចម្រើនផល នៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាសផងដែរ៕FB_IMG_1717736374991 FB_IMG_1717736285169 FB_IMG_1717736291196 FB_IMG_1717736371332 FB_IMG_1717736360531 FB_IMG_1717736328870 FB_IMG_1717736324070 FB_IMG_1717736317046 FB_IMG_1717736314183 FB_IMG_1717736309683 FB_IMG_1717736302497 FB_IMG_1717736299036 FB_IMG_1717736340653 FB_IMG_1717736348709 FB_IMG_1717736338184

You might like