ខេត្តមណ្ឌលគិរី ៖ ព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិចកំពុងប្រឈមនឹងសេចក្ដីវិនាសនាពេលឆាប់ៗខាងមុខចៀសមិនផុតឡើយព្រោះឈ្មួញ៣នាក់គឺឧកញ៉ាសឹងសំអុលឧកញ៉ាប៉ោសំអឿននិងឧកញ៉ាតុប វីដា កំពុងធ្វើសកម្មភាពបំផ្លាញយ៉ាងមហន្តរាយដោយគ្មានញញើតអ្វីទាំងអស់។ ចំណែកលោកស្វាយសំអ៊ាងអភិបាលខេត្តមណ្ឌលគិរីលោកឡោសុខាស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏ដូចជាប្រធានមន្ទីរបរិស្ថាននិងប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ បើតាមប្រភពពីមន្ត្រីមន្ទីរបរិស្ថាននិងមន្ត្រីមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានឲ្យដឹងថា បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច គឺមានការឃុបឃិតជាប្រព័ន្ធតែម្តង។
សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថារយៈពេលប្រមាណ១ខែកន្លងទៅនេះឧកញ៉ាសឹងសំអុលឧកញ៉ាប៉ោសំអឿននិងឧកញ៉ាតុប វីដា បានសម្រុកកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រិចយកមកស្តុកទុកក្នុងទីតាំងឃ្លាំងអតីតក្រុមហ៊ុនយូនីគ្រីន ដោយគ្មានញញើតអ្នកណាទាំងអស់។ សកម្មភាពរបស់ឈ្មួញទាំង៣នាក់នេះគ្មានមន្ត្រីបរិស្ថានមន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានបង្ក្រាបឡើយព្រោះពួកគេគឺជាអ្នកឃុបឃិតឲ្យមានបទល្មើសបំផ្លាញព្រៃឈើកើតឡើងយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍។ សូម្បីតែអភិបាលស្រុកកោះញែកនិងអធិការនគរបាលស្រុកកោះញែក ក៏រក្សាភាពស្ងៀមស្ងាត់ដែរក្នុងខណៈដែលឧកញ៉ាសឹងសំអុលឧកញ៉ាប៉ោសំអឿននិងឧកញ៉ាតុប វីដា បង្កើនសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច យ៉ាងមហន្តរាយ។
បើតាមប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មួយចំនួនបានបង្ហើបឲ្យដឹងថាលោកឡោសុខាស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏អាចទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញបំផ្លាញព្រៃឈើទាំង៣នាក់ខាងលើនោះដែរ ទើបលោកស្នងការមិនចាត់វិធានការបង្ក្រាបបទល្មើស។ ឧកញ៉ាតុប វីដានិងឧកញ៉ាសឹងសំអុលព្រមទាំងឧកញ៉ាប៉ោសំអឿន ក៏បានសម្រុកដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច ចូលទៅទីតាំងឃ្លាំងអតីតក្រុមហ៊ុនយូនីគ្រីន ហើយបន្តដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងពេញបន្ទុកតែម្តង។ ប្រការនេះហើយទើបមជ្ឈដ្ឋាននានាវាយតម្លៃថាការដែលឧកញ៉ាសឹងសំអុលឧកញ៉ាប៉ោសំអឿននិងឧកញ៉ាតុប វីដាសហការគ្នាបំផ្លាញព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិចយ៉ាងមហន្តរាយគឺមានការឃុបឃិតជាប្រព័ន្ធហើយមន្ត្រីជាន់ខ្ពស់អាជ្ញាធរខេត្តមណ្ឌលគិរីនិងសមត្ថកិច្ចជាន់ខ្ពស់ក្នុងខេត្តនេះ ក៏ទទួលបានផលប្រយោជន៍ពីក្រុមឈ្មួញបំផ្លាញព្រៃឈើផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយស្រួល ៕