ខេត្តព្រះសីហនុ ៖ មន្ត្រីបំរើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុមួយចំនួនបានអះអាងថានាយកផែនការស្ដីពីលទ្ធកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុគឺលោកសូរសៀងបានក្លែងបំប៉ោងគម្រោងខ្ទង់ចំណាយទៅលើការទិញសម្ភារៈគ្រឿងចក្រនិងឧបករណ៍ផ្សេងៗ សម្រាប់ចំណាយនៅក្នុងកំពង់ផែនេះមានតម្លៃកើនឡើង ១គុណ ២០ដងនៃខ្ទង់ចំណាយតម្លៃលក់នៅលើទីផ្សារធម្មតា..។
ប្រភពបានឲ្យដឹងថា ការបំប៉ោងខ្ទង់ចំណាយទាំងនោះរួមមាន៖ ចំណាយទៅលើការទិញសម្រងប្រេងម៉ាស៊ីនគ្រឿងចក្រ ឬរថយន្តគឺក្នុង១ឆ្នាំៗ បានចំណាយលុយប្រមាណ ៩០០លានរៀល។ ចំណាយទៅលើការទិញសំបកកង់រថយន្តក្នុង១ឆ្នាំម ក៏ត្រូវចំណាយជាង៩០០លានរៀលនិងការចំណាយទៅលើការទិញប្រេងរំអិល ឬបេងម៉ាស៊ីនគឺក្នុង១ឆ្នាំៗ ត្រូវចំណាយជាង ១,៣០០លានរៀលឯណោះ។
ប្រភពពីមន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុបានអះអាងថាកន្លងមកនេះគម្រោងចំណាយទៅលើការប្តូរសម្ភារៈផ្សេងៗ របស់គ្រឿងចក្រនៅកំពង់ផែខាងលើគឺបានកើនឡើងរាល់ឆ្នាំ។
គម្រោងនៃការចំណាយទៅលើការប្តូរសម្ភារៈ ឬឧបករណ៍ចាស់ៗ គ្រឿងចក្រនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុខាងលើនេះគិតតែខ្ទង់ចំណាយក្នុងឆ្នាំ២០១៧មួយតែប៉ុណ្ណោះ។ផ្តើមពីបញ្ហានេះមន្ត្រីបំរើការងារនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថាក្នុង១ឆ្នាំៗ កំពង់ផែនេះបានចំណាយថវិកាប្រមាណ ៣០០ពាន់លានរៀល។
ប្រភពដដែលបញ្ជាក់ទៀតថាកាលពីឆ្នាំ២០១៧កន្លងទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានចំនួនសរុបប្រមាណ ២២៧ពាន់លានរៀល។ ហើយបើគិតជាប្រាក់ដុល្លារគឺក្នុង ១ពាន់លានរៀលស្មើ២៥ម៉ឺនដុល្លារអាមេរិក។ ហើយថាថវិកាចំនួន ១ពាន់លានរៀល ឬស្មើ ២៥ម៉ឺនដុល្លារនោះគឺជាក់ស្តែងត្រូវចំណាយត្រឹមតែ២០ម៉ឺនដុល្លារតែប៉ុណ្ណោះ។
យ៉ាងនេះក្តី មិនទាន់អាចទាក់ទងលោកសូរសៀងនាយកផ្នែកផែនការស្តីពីលទ្ធកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីស្នើការបំភ្លឺជុំវិញការចោទប្រកាន់ខាងលើតាមទូរស័ព្ទបានឡើយ ។
ចំណែកលោក លូ គឹមឈន់ ជាប្រតិភូរាជរដ្ឋាភិបាលនិងជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មិនទាន់អាចទាក់ទងស្នើការបំភ្លឺជុំវិញការចោទប្រកាន់ខាងលើនេះបានដែរ ៕