ខេត្តកំពង់ឆ្នាំង ៖ ថ្មីៗនេះមានក្រុមជនល្មើសប្រើគ្រឿងចក្រ៥គ្រឿងចូលទៅឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកជម្រកត្រីពងកូនយ៉ាងគឃ្លើន ហើយគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ឡើយ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំពាមឆ្កោកស្រុកជលគិរីខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាដីព្រៃលិចទឹកក្នុងតំបន់៣ដែលជាតំបន់ហាមឃាត់នៅចំណុចខាងកើតព្រៃធំនិងខាងជើងព្រៃធំ កោះតាវៀចស្រុកជលគិរី រាប់សិបហិកតាត្រូវក្រុមជនល្មើសទន្ទ្រានកាន់កាប់ជាកម្មសិទ្ធិយ៉ាងស្រួលបែបនេះ។
លោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី គឺជាអ្នកឃុបឃិតឲ្យមានបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងឃុំពាមឆ្កោក ដើម្បីជាថ្នូរនឹងផលប្រយោជន៍ហេតុនេះហើយទើបលោកហៃមនោរម្យមិនចាត់វិធានការបង្ក្រាបក្រុមជនល្មើសប្រកបដោយប្រសិទ្ធភាពនោះទេ។
មន្ត្រីរាជការនៅក្នុងសាលាស្រុកជលគិរីមួយចំនួនបានបង្ហើបឲ្យដឹងថា៖ករណីបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកតំបន់៣ជម្រកត្រីពងកូននៅក្នុងឃុំពាមឆ្កោក គឺមានការឃុបឃិតជាប្រព័ន្ធតែម្តងទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ក្នុងនោះនាយសង្កាត់រដ្ឋបាលជលផលនាយផ្នែករដ្ឋបាលជលផលនិងនាយខណ្ឌរដ្ឋបាលជលផលក្នុងស្រុកជលគិរីក៏ដូចជាលោកសោមភារុណនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ក៏អាចជាប់ពាក់ព័ន្ធនឹងបទល្មើសផងដែរ ។
ប្រភពបានឲ្យដឹងទៀតថាឈ្មោះធឿននិងឈ្មោះភៀង គឺជាអ្នករត់ការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីរដ្ឋបាលជលផល ដើម្បីបិទបាំងសកម្មភាពប្រើគ្រឿងចក្រទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅក្នុងឃុំពាមឆ្កោក ។
ក្នុងនោះ លោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី គឺជាអ្នកទទួលខុសត្រូវធំជាងគេក្នុងខណៈដែលព្រៃលិចទឹករាប់សិបហិកតាត្រូវក្រុមជនល្មើសឈូសឆាយទន្ទ្រានយកធ្វើជាកម្មសិទ្ធិរួចទៅហើយដែរ។
ប្រជាពលរដ្ឋក្នុងឃុំពាមឆ្កោកបានអះអាងថា៖ ពេលឃើញក្រុមជនល្មើសប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ គឺពួកគាត់រាយការណ៍ទៅមន្ត្រីអាជ្ញាធរឃុំពាមឆ្កោកក៏ដូចជាលោកហៃមនោរម្យអភិបាលស្រុកជលគិរីដើម្បីឲ្យចាត់វិធានការទប់ស្កាត់បានទាន់ពេលវេលា។
ក៏ប៉ុន្តែលោក ហៃ មនោរម្យ បែរជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយបណ្ដោយឲ្យក្រុមជនល្មើសប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់៣ ជម្រកត្រីពងកូនអស់រាប់សិបហិកតាយ៉ាងស្រួលៗ ។ សូម្បីតែលោកងិនហ៊ុនប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ក៏ធ្វើមិនដឹងមិនឮអ្វីដែរក្នុងខណៈដែលព្រៃលិចទឹកក្នុងឃុំពាមឆ្កោក រងការបំផ្លាញយ៉ាងខ្លាំងក្លាបំផុត។
បញ្ហានេះ គឺជារឿងដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផលមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេក្នុងខណៈដែលព្រៃលិចទឹករាប់រយហិកតាក្នុងស្រុកជលគិរី ត្រូវក្រុមជនល្មើសឈូសឆាយទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិយ៉ាងស្រួលៗបែបនេះ៕