មេ​ឈ្មួញ​ម៉ៅ​សារ៉េត​អាច​ដឹក​ឈើ​ចេញពី​ស្រុក​អន្លង់វែង​និង​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ដោយ​ស្រួល​

ខេត្ត​ឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ​ម៉ៅ​សារ៉េត នៅតែ​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​កែច្នៃ​រួច​ជា​គ្រោងទ្វារ​បង្អួច​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង យ៉ាង​អនាធិបតេយ្យ​ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ ។​

​ប្រជាពលរដ្ឋ​សង្ស័យថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ស្រុក​អន្លង់វែង​និង​ស្រុក​ត្រពាំង​ប្រាសាទ​ក៏ដូចជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ​ម៉ៅ​សារ៉េត ជាប្រចាំ​ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ម្នាក់​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ។ ប្រសិនបើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ឃុបឃិត​ទេ​នោះ​គឺ​ឈ្មួញ​ឈ្មោះ​ម៉ៅ​សារ៉េត មិន​អាច​ដឹក​ជញ្ជូន​ឈើ​កែច្នៃ​ជា​គ្រោងទ្វារ​បង្អួច​ចេញ​ពី​ទឹកដី​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧត្ដរមានជ័យ​បានឡើយ ។​

​ថ្មីៗ​កន្លងទៅ​នេះ​គឺ​កាលពី​យប់​ថ្ងៃ​ទី​០៧ ខែ​មិថុនា​ឆ្នាំ​២០១៨ មាន​រថយន្ត​ដឹកឈើ​គ្រោងទ្វារ​បង្អួច​របស់​ឈ្មួញ​ឈ្មោះ​ម៉ៅ​សារ៉េត ចំនួន​៤​គ្រឿង​ចាកចេញ​ពី​ចំណុច​ផ្ទះ​របស់​ឈ្មួញ​រូបនេះ​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ហើយ​ឆ្លងកាត់​ស្រុក​អន្លង់វែង​ឆ្ពោះទៅ​តាម​ខេត្ត​បន្ទាយមានជ័យ​និង​បណ្ដា​ខេត្ត​ផ្សេងៗ​យ៉ាង​រលូន ។​

​លោក​អ៊ឹម​សា​វរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្ដរមានជ័យ​និង​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ឈ្មោះ​ម៉ៅ​សារ៉េត ក៏ដូចជា​ឈ្មួញ​ដទៃ​ទៀត​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង​យ៉ាង​គគ្រឹកគគ្រេង ។ សូម្បីតែ​លោក ស ថា​វី​អភិបាលខេត្ត​ឧត្ដរមានជ័យ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​ក្នុង​ខណៈ​ដែល​ឈ្មួញ​ឈ្មោះ​ម៉ៅ​សារ៉េត​និង​ឈ្មួញ​ដទៃ​ទៀត​បន្ត​សកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​អន្លង់វែង​និង​ស្រុក​ត្រពាំង​ប្រាសាទ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ។​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​អន្លង់វែង​និង​ស្រុក​ត្រពាំង​ប្រាសាទ​បានឲ្យដឹង​ថា​មិនមែន​តែ​ឈ្មួញ​ឈ្មោះ​ម៉ៅ​សារ៉េត ទេ​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​កែច្នៃ​រួច​ជា​គ្រោងទ្វារ​បង្អួច​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង​យ៉ាង​គឃ្លើន ។ ប្រភព​បានឲ្យដឹង​ទៀត​ថា​ឈ្មួញ​ធំៗ​២​នាក់​ទៀត​គឺ​ឈ្មោះ​ឆាយ​និង​ឈ្មោះ​រិទ្ធ ក៏​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​១ ប្រភេទ​លេខ​២ តាម​រថយន្ត​ធុន​ធំ​ចំណុះ​រាប់សិប​តោន​ចេញពី​ខេត្ត​ឧត្ដរមានជ័យ​ចូលមក​ខេត្ត​បន្ទាយមានជ័យ​និង​ខេត្តសៀមរាប ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ ។​

​ផ្ទុយទៅវិញ ប្រភព​ខ្លះ​បាន​រិះគន់​ថា​លោក​អ៊ឹម​សា​វរិ​ទ្ធនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧត្ដរមានជ័យ និង​បក្ខពួក​បាន​ចាត់ទុក​ប​ទ​ល្មើស​ព្រៃឈើ​គឺជា​ប្រភព​ចំណូល​របស់​ខ្លួន ហេតុនេះហើយ​ទើប​គេ​បណ្ដោយ​ឲ្យ​ឈ្មួញ​ច្រើន​នាក់​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង​យ៉ាង​ពេញបន្ទុក​តែម្តង​៕

 

wood-reth1 wood-reth2

You might like