បច្ចុប្បន្ន ក្រុមហ៊ុនអង្គរសុខ សារិទ្ធនិងក្រុមហ៊ុនដទៃទៀតនាំចូល ជ្រូកតាមច្រកបឹងត្រកួន និងច្រកផ្សេងៗលើសពីអាជ្ញាប័ណ្ណកំណត់ព្រោះ មានការឃុបឃិត បើកដៃពីសំណាក់លោកហ៊ុយទូចនិងមន្ត្រីពេទ្យសត្វប្រចាំនៅច្រកព្រំដែន។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានឲ្យដឹងថាប្រសិនបើនៅក្នុងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យឈ្មួញនាំចូលជ្រូករស់ក្នុងមួយថ្ងៃ២៥០ក្បាលគឺឈ្មួញនាំចូលយ៉ាងតិចចាប់ពី៣០០ក្បាលឡើងទៅ ព្រោះមានការឃុបឃិតជាប្រព័ន្ធរួចទៅហើយ។
មួយរយៈចុងក្រោយនេះឈ្មួញម្ចាស់ក្រុមហ៊ុនមួយចំនួនបាននាំចូលជ្រូករស់ គោក្របីនិងមាន់ទាពីទឹកដីសៀមចូលទឹកដីខ្មែរកាន់តែច្រើនឡើងៗ ហើយមន្ត្រីពេទ្យសត្វក្រោមការគ្រប់គ្រងរបស់លោកហ៊ុយទូចមិនចាត់វិធានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ។ឈ្មួញនាំចូលជ្រូកចំនួន៣០០ក្បាលប៉ុន្តែមន្ត្រីពាក់ព័ន្ធនៅច្រកនេះបានឲ្យដឹងថា ឈ្មួញនាំច្រូកជ្រូកដល់ទៅជាង៧០០ក្បាលដោយសារមានការឃុបឃិតជួយបិទបាំងពីសំណាក់ក្រុមមន្ត្រីពុករលួយ។
ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនច្រកបឹងត្រកួនបានឲ្យដឹងថា រហូតមកដល់ពេលនេះមានក្រុមហ៊ុនមួយចំនួននាំចូលជ្រូកពីប្រទេសសៀមតាមច្រកបឹងត្រកួនយ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយដែលគិតគូរតែរឿងប្រមូលលុយដាក់ហោប៉ៅ។
មានការរិះគន់ចំៗថាលោកហ៊ុយទូចមេពេទ្យសត្វខេត្តបន្ទាយមានជ័យ មិនដែលចាត់វិធានការត្រួតពិនិត្យចំនួនជ្រូកដែលក្រុមហ៊ុននិងក្រុមឈ្មួញនាំចូលតាមច្រកបឹងត្រកួននិងច្រកផ្សេងៗទៀតនោះទេ ហេតុនេះហើយទើបក្រុមឈ្មួញតែងនាំចូលជ្រូកលើសពីការកំណត់នៅក្នុងអាជ្ញាប័ណ្ណ។
ដូច្នេះលោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មគួរពិនិត្យឡើងវិញអំពីបញ្ហានេះហើយចាត់វិធានការទប់ស្កាត់ជាបន្ទាន់ព្រោះករណីលោកហ៊ុយទូចមេពេទ្យសត្វខេត្តបន្ទាយមានជ័យ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ផងដែរ។
ថ្មីៗនេះមានរថយន្តធុនធំ១គ្រឿងដឹកជញ្ជូនជ្រូករស់ពីទឹកដីសៀមចូលទឹកដីខ្មែរ ហើយយកទៅសាងដាក់រថយន្តនៅទីតាំងមួយកន្លែងក្បែររង្វង់មូលផ្លូវជាតិលេខ៥៨ ក្នុងឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ហើយម្ចាស់ទីតាំងនោះត្រូវបានគេស្គាល់ថាជាស្ត្រីម្នាក់ឈ្មោះ សុខលាងអាយុប្រមាណជាង៣០ឆ្នាំ។
ស្ត្រីឈ្មោះសុខលាងបានអះអាងថាខ្លួនជាតំណាងក្រុមហ៊ុនអង្គរសុខសារិទ្ធដែលមានសិទ្ធិនាំចូលជ្រូកពីប្រទេសជិតខាងហើយក្រុមហ៊ុននេះនាំចូលជ្រូក២៥០ក្បាលកាលពីថ្ងៃទី១២ ខែមិថុនាឆ្នាំ២០១៨ ដើម្បីយកទៅចែកចាយនៅរាជធានីភ្នំពេញនិងបណ្ដាខេត្តនានា។
អ្វីដែលធ្វើឲ្យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាប់អារម្មណ៍នោះ គឺតំណាងក្រុមហ៊ុនអង្គរសុខសារិទ្ធអះអាងថាជ្រូកមាន២៥០ក្បាលប៉ុន្តែជាក់ស្ដែងជ្រូកទាំងអស់មានដល់ទៅជាង៧០០ក្បាល៕