ខេត្តតាកែវ ៖ ឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗតាមច្រកភ្នំដិន ច្រកត្រពាំងក្រសាំងនិងច្រកបាក់ដៃជាដើមហើយលោកកែវវ៉ាន្នីនិងបក្ខពួកប្រមូលលុយលើតុក្រោមតុបានយ៉ាងច្រើន។ នៅពេលដែលការបោះឆ្នោតជាតិអាណតិ្តទី៦ ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ កាន់តែខិតជិតមកដល់គឺលោកកែវវ៉ាន្នីប្រធានសាខាគយខេត្តតាកែវប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។ជាងនេះទៅទៀតលោកកែវវ៉ាន្នីប្រធានសាខាគយខេត្តតាកែវតែងតែប្រើពាក្យ«ជួយគណបក្ស» ដើម្បីគំរាមមន្ត្រីក្រោមឱវាទមិនឲ្យតវ៉ាទៅនឹងអំពើពុករលួយ របស់ខ្លួន។
ក្រុមឈ្មួញនិងអាជីវករមួយចំនួនដែលរកស៊ីនាំចូលទំនិញស្របច្បាប់បង់ពន្ធគយត្រឹមត្រូវនៅច្រកព្រំដែនបានឲ្យដឹងថា៖ បច្ចុប្បន្នមុខរបររកស៊ីរបស់ពួកគាត់នៅសល់កម្រៃតិចតួចបំផុតព្រោះត្រូវបង់លុយលើតុក្រោមតុឲ្យក្រុមសមត្ថកិច្ចគយពុករលួយកាន់តែច្រើនឡើងៗ។ ទោះបីពួកគាត់បង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនយ៉ាងណាក៏ដោយ ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុឲ្យមន្ត្រីគយប្រចាំប៉ុស្ដិ៍ជជុះ២កន្លែងលើផ្លូវជាតិលេខ២ ក្រោមការគ្រប់គ្រងរបស់មេគយចល័តខេត្តតាកែវឈ្មោះលាងម៉ុងនោះឡើយ។ ការដែលលោកលាងម៉ុងមេគយចល័តខេត្តតាកែវអាចធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោកកែវវ៉ាន្នីប្រធានសាខាគយខេត្តតាកែវផងដែរ។ ដូច្នេះហើយទើបមានការអំពាវនាវដល់លោកឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យចាត់វិធានការលុបបំបាត់អំពើពុករលួយរបស់មន្ត្រីគយចល័តលើផ្លូវជាតិលេខ២ ក្នុងខេត្តតាកែវជាបន្ទាន់ព្រោះកន្លងមកលោកឱមយ៉ិនទៀង ធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវប្រកបប្រសិទ្ធភាព។
ប្រភពដែលស្និទ្ធនឹងលោកកែវវ៉ាន្នីប្រធានសាខាគយខេត្តតាកែវបានឲ្យដឹងថា៖បច្ចុប្បន្នទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកភ្នំដិន ច្រកកំពង់ក្រសាំងនិងច្រកបាក់ដៃជាដើម គឺឈ្មួញបង់ពន្ធត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះក្រៅពីនេះគឺមានការឃុបឃិតបែងចែកផលប្រយោជន៍ជាមួយមន្ត្រីគយពុករលួយ។ បើទោះបីរឿងអាស្រូវពុករលួយតាមច្រើនរូបភាពរបស់លោកកែវវ៉ាន្នីត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ លោកគុណញឹមអគ្គនាយកគយបែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ហេតុនេះហើយទើបលោកកែវវ៉ាន្នីប្រធានសាខាគយខេត្តតាកែវ មានអំណាចកាន់តែធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ចំណុចដែលគួរឲ្យកត់សម្គាល់នោះគឺលោកកែវវ៉ាន្នី តែងតែប្រើពាក្យប្រមូលលុយជួយគណបក្សដើម្បីបិទបាំងអំពើពុករលួយរបស់ខ្លួន ហើយបន្តប្រើតួនាទីនិងអំណាចកាន់តែខ្លាំងជាងពីពេលមុនៗថែមទៀតផង៕