ខេត្តព្រះសីហនុ ៖ ភ្នំមួយកន្លែងក្នុងមូលដ្ឋានពួកគាត់ ត្រូវឈ្មួញឈ្មោះ ង៉ែត ប្រើគ្រឿងចក្រកកាយយកអាចម៍ដីដឹកជញ្ជូនធ្វើអាជីវកម្មអស់ពាក់កណ្ដាលទៅហើយ មិនឃើញមន្ត្រីអាជ្ញាធរនិងមន្ត្រីមន្ទីរពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នោះទេ។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុក៏ដូចជាអភិបាលស្រុកព្រៃនប់ បានរក្សាភាពស្ងៀមស្ងាត់ បណ្ដោយឲ្យឈ្មួញឈ្មោះង៉ែតប្រើគ្រឿងចក្រកាយរំលាយភ្នំអស់ពាក់កណ្ដាលទៅហើយ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិតាសេកឃុំចំណារស្រុកព្រៃនប់ ខេត្តព្រះសីហនុបានឲ្យដឹងថា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះសីហនុ គឺជាអ្នកឃុបឃិតឲ្យឈ្មួញឈ្មោះង៉ែត កាយរំលាយដីភ្នំធ្វើអាជីវកម្មតាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍ ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ឈ្មួញឈ្មោះង៉ែតអាងមានប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះសីហនុ គឺជាខ្នងបង្អែកយ៉ាងរឹងមាំទើបហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។
ជាក់ស្ដែង ឈ្មួញឈ្មោះ ង៉ែត បានប្រើគ្រឿងចក្រជាច្រើនគ្រឿងមកជីកកកាយដីភ្នំយ៉ាងគឃ្លើន ហើយប្រើរថយន្តធំៗជាច្រើនគ្រឿងដឹកអាចម៍ដីលើសចំណុះយកទៅលក់ប្រមូលបានលុយយ៉ាងច្រើនក្នុងមួយខែៗ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរភ្នំនោះបានលើកឡើងថា៖ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះសីហនុ ក៏ដូចជាពីសំណាក់មន្ត្រីអាជ្ញាធរស្រុកព្រៃនប់ ទេនោះគឺឈ្មួញឈ្មោះង៉ែតមិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តឡើយ។
ដូច្នេះលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលគួរពិនិត្យមើលបញ្ហាខាងលើនេះផងព្រោះភ្នំមួយកន្លែងក្នុងឃុំចំណារស្រុកព្រៃនប់ កំពុងប្រឈមនឹងការរលាយបាត់រូបរាងនាពេលឆាប់ៗខាងមុខ។
មន្ត្រីរាជការនៅក្នុងសាលាស្រុកព្រៃនប់បានឲ្យដឹងទៀតថា ៖ ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះគឺឈ្មួញឈ្មោះ ង៉ែត មិនអាចកាយរំលាយដីភ្នំធ្វើអាជីវកម្មដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងគឃ្លើនដូចសព្វថ្ងៃនេះទេ។
មានន័យថា ការដែលឈ្មួញឈ្មោះ ង៉ែត ហ៊ានធ្វើអ្វីៗតាមអំពើចិត្តដូចសព្វថ្ងៃនេះ គឺមានការឃុបឃិតបើកដៃពីសំណាក់ប្រធានការិយាល័យរ៉ែនិងថាមពលស្រុកព្រៃនប់ ក៏ដូចជាប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះសីហនុ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន ហើយភ្នំមួយទាំងមូលត្រូវកាយរំលាយអស់ប្រមាណពាក់កណ្ដាលរួចជាស្រេចទៅហើយ។
មកដល់ពេលនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏ដូចជាប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះសីហនុសម្ងំស្ងាត់ឈឹងទុកឲ្យឈ្មួញឈ្មោះង៉ែតកាយរំលាយដីភ្នំយ៉ាងពេញបន្ទុកតែម្តង។ ដូច្នេះលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេហើយគួរពិនិត្យមើលអំពើពុករលួយនិងភាពអសកម្មរបស់ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះសីហនុផង៕