ខេត្តឧត្ដរមានជ័យ ៖ បច្ចុប្បន្ន នៅតែមានពលរដ្ឋខ្មែរលបលួចឆ្លងដែនចូលកាប់ឈើគ្រញូងលើទឹកដីសៀមស្ពាយ យកមកលក់ឲ្យឈ្មួញជាមន្ត្រីយោធា និងមន្ត្រីនគរបាលដែលឈរជើងចាំទិញតាមច្រករបៀងមួយចំនួនដូចមុនដដែល។
ប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនក្នុងក្រុងសំរោង ស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យបានឲ្យដឹងថា៖ពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងលើទឹកដីសៀម តាមព្រំដែនក្នុងខេត្តសុរិន្ទនិងខេត្តស៊ីសាកេងត្រូវបានយោធាសៀមការពារព្រំដែនបាញ់សម្លាប់និងចាប់ខ្លួនជាបន្តបន្ទាប់ ។ ចំណែកមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តឧត្ដរមានជ័យ មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញជាមន្ត្រីយោធានិងមន្ត្រីនគរបាលដែលចាំទិញឈើគ្រញូងពីពលរដ្ឋខ្មែរដែលស្ពាយចេញពីទឹកដីសៀមនោះទេ។
ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលលបលួចឆ្លងដែនចូលកាប់ឈើគ្រញូងលើទឹកដីសៀមបានឲ្យដឹងថា៖ មានមន្ត្រីយោធានិងមន្ត្រីនគរបាលនៅពីក្រោយខ្នងពួកគេក្នុងការឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងស្ពាយចេញពីទឹកដីសៀម។
ប្រសិនបើគ្មានឈ្មួញជាមន្ត្រីយោធានិងមន្ត្រីនគរបាលចាំទិញឈើគ្រញូងតាមច្រករបៀងព្រំដែនទេនោះ គឺគ្មានពលករខ្មែរលបលួចឆ្លងដែនចូលកាប់ឈើគ្រញូងលើទឹកដីសៀមឡើយ ព្រោះមិនដឹងយកមកលក់ឲ្យអ្នកណា។
មជ្ឈដ្ឋានជាតិបានធ្វើការរិះគន់ដោយចំៗថា៖ លោកអ៊ឹមសាវរិទ្ធនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្ដរមានជ័យ មិនចាត់វិធានការទៅលើក្រុមឈ្មួញដែលជាឧក្រិដ្ឋជនជួញដូរឈើគ្រញូងនោះទេ ហេតុនេះហើយទើបក្រុមឈ្មួញជាមន្ត្រីយោធានិងមន្ត្រីនគរបាលការពារព្រំដែនមួយចំនួននៅតែធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានតាមព្រំដែនខ្មែរ-សៀមក្នុងស្រុកត្រពាំងប្រាសាទស្រុកអន្លង់វែងនិងក្រុងសំរោងខេត្តឧត្ដរមានជ័យ បានឲ្យដឹងថា ៖ បច្ចុប្បន្នមានឈ្មួញ២នាក់នៅតែបន្តសកម្មភាពប្រមូលទិញឈើគ្រញូងដឹកចេញពីខេត្តឧត្ដរមានជ័យបានយ៉ាងស្រួលបំផុត ។ ក្នុងនោះឈ្មួញជនជាតិយួនឈ្មោះង្វៀងធីម៉ៃហៅយាយម៉ាយ កំពុងធ្វើសកម្មភាពប្រមូលទិញឈើគ្រញូងក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ហើយដឹកជញ្ជូនទៅស្រុកយួនយ៉ាងសុខស្រួលព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន ។ ចំណែកឈ្មួញជនជាតិខ្មែរឈ្មោះមករា នៅតែបន្តសកម្មភាពប្រមូលទិញឈើគ្រញូងតាមតំបន់ព្រំដែនក្នុងស្រុកត្រពាំងប្រាសាទ និងក្រុងសំរោងហើយដឹកជញ្ជូនឆ្លងកាត់ខេត្តសៀមរាបខេត្តកំពង់ធំ ចេញទៅស្រុកយួនដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាទប់ស្កាត់ទាល់តែសោះ។
កន្លងមក ឈ្មួញជនជាតិយួនឈ្មោះង្វៀងធីម៉ាយ ហៅយាយម៉ាយ ធ្លាប់ជាប់ពន្ធនាគារ ដោយសារពាក់ព័ន្ធជំនួញឈើគ្រញូងខុសច្បាប់ រីឯឈ្មួញជនជាតិខ្មែរឈ្មោះមករា មិនដែលត្រូវសមត្ថកិច្ចបង្ក្រាបឡើយ ហើយបច្ចុប្បន្នឈ្មួញទាំង២នាក់នេះ នៅតែបន្តសកម្មភាពជួញដូរឈើគ្រញូងក្នុងខេត្តឧត្ដរមានជ័យ យ៉ាងគឃ្លើន ៕