បច្ចុប្បន្ន ឈ្មួញធំៗជាច្រើននាក់កំពុងសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ចូលតាមច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិនដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោកទីប៊ុនឡង់ ប្រធានការិយាល័យគយច្រកនេះដែលល្បីល្បាញខាងពុករលួយជាយូរមកហើយ។
ប្រភពពីមន្ត្រីបម្រើការងារនៅច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិនបានឲ្យដឹងថា៖ប្រការដែលលោកទីប៊ុនឡង់ មេគយច្រកទ្វារអន្តរជាតិព្រំហ៊ានប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃ គឺដោយសារអាងមានខ្នងបង្អែកយ៉ាងរឹងមាំចាំជួយការពារគ្រប់ពេលវេលា។ ខ្នងបង្អែករបស់លោកទីប៊ុនឡង់ ត្រូវគេដឹងថាមានឥទ្ធិពលខ្លាំងជាងលោកគុណញឹមដែលជាមេគយធំទៅទៀតហេតុនេះហើយទើបលោកទីប៊ុនឡង់ បង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុន។
ក្នុងរយៈពេលប្រមាណ៣ខែចុងក្រោយនេះលោកទីប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំនិងបក្ខពួកកំពុងប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពដដែលបានឲ្យដឹងទៀតថា ៖ លោក ទី ប៊ុនឡង់ និងបក្ខពួកឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដើម្បីជាថ្នូរនឹងផលប្រយោជន៍ ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ជាងនេះទៅទៀត ការដែលលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយ ហ៊ានប្រើអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនគឺដោយសារមានការសម្របសម្រួលជ្រោមជ្រែងពីសំណាក់លោកសំសុវណ្ណារិទ្ធប្រធានសាខាគយខេត្តប៉ៃលិនផងដែរ។
ប្រភពដដែលបានឲ្យដឹងទៀតថា ការដែលលោក ទី ប៊ុនឡង់ ហ៊ានប្រើតួនាទី និងអំណាចប្រព្រឹត្តអំពើពុករលួយ យ៉ាងក្រអឺតក្រទម គឺដោយសារអាងមានខ្នងបង្អែកធំជាងលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាទៅទៀត។
ប្រភពពីមន្ត្រីគយដែលស្និទ្ធនឹងលោក ទី ប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ បានបង្ហើបឲ្យដឹងថា ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកនេះ គឺបង់ពន្ធជូនរដ្ឋត្រឹម៣០ទៅ៤០ភាគរយប៉ុណ្ណោះ ហើយក្រៅពីនេះ គឺក្រុមឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍លើតុក្រោមតុជាមួយលោក ទីប៊ុនឡង់ តែម្តង។
ទន្ទឹមនឹងនេះលោកទីប៊ុនឡង់ និងបក្ខពួកបែរជាគាបសង្កត់យ៉ាងខ្លាំងទៅលើអាជីវករតូចតាចនិងប្រជាពលរដ្ឋដែលរកស៊ីនាំចូលទំនិញជាប្រភេទចំណីអាហារបន្លែផ្លែឈើបន្តិចបន្តួចពីទឹកដីសៀមចូលទឹកដីខ្មែរដើម្បីបានប្រាក់កម្រៃចិញ្ចឹមជីវិត។ ហេតុនេះហើយទើបកន្លងមកអាជីវករតូចតាចនិងប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាតវ៉ាជាបន្តបន្ទាប់នៅមុខការិយាល័យគយច្រកទ្វារអន្តរជាតិព្រំ ហើយលាតត្រដាងជាសាធារណៈនៅអំពើពុករលួយរបស់លោកទីប៊ុនឡង់ និងបក្ខពួក។
ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនគួរបណ្ដែតបណ្ដោយឲ្យលោកទីប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំនិងលោកសំសុវណ្ណារិទ្ធប្រធានសាខាគយខេត្តប៉ៃលិនឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយតទៅទៀតឡើយ ។
មន្ត្រីគយនិងភ្នាក់ងារគយនៅក្នុងខេត្តប៉ៃលិនមួយចំនួនបានអំពាវនាវឲ្យលោកអូនព័ន្ធមុនីរ័ត្នដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោកទីប៊ុនឡង់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រំខ្លះផងព្រោះបច្ចុប្បន្នលោកទីប៊ុនឡង់ និងបក្ខពួកកំពុងឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់៕