សកម្មភាព​របស់​លោក​ចាន់ ប៊ុនធឿន​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​រតនគិរី​ត្រូវបាន​លាតត្រដាង​

ខេត្ត​រតនគិរី ៖  រយៈពេល​ជិត ២ ឆ្នាំ ដែល​លោក ចាន់ ប៊ុនធឿន ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តរតនគិរី​គឺ​លោក​ចាន់ ប៊ុនធឿន ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ គ្មាន​កោតក្រែង​អ្នកណាម្នាក់​នោះ​ឡើយ​ដោយ​រាប់​ពី​ថ្នាក់ក្រោម​ជាតិ​រហូត​ទៅ​ដល់​ថ្នាក់ជាតិ​។

​ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តរតនគិរី​បានឲ្យដឹងថា​៖​គ្រាន់តែ​នៅក្នុង​ឆ្នាំ​២០១៧ គឺ​លោក​ចាន់ ប៊ុនធឿន និង​បក្ខពួក​អាច​ប្រព្រឹត្ត​អំពើ​កេងប្រវ័ញ្ច​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​ប្រមាណ​ជាង​៤០០​លាន​រៀល​ឬ​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក​។

​អំពើ​កេងប្រវ័ញ្ច​យ៉ាង​ខ្លាំងក្លា​បែបនេះ​កើតឡើង​តាមរយៈ​ការកឹបកេង​ថវិកា​ចំ​ណា​យ​នៅក្នុង​មន្ទីរ​ដែល​មាន​ដូចជា ការចំណាយ​ផ្នែក​រដ្ឋបាល​ការចំណាយ​លើ​ប្រេងឥន្ធនៈ​សម្រាប់​ចាក់​រថយន្ត​ចុះ​បំពេញ​ការងារ​ការចំណាយ​ជួសជុល​អគារ​មន្ទីរ​និង​ការចំណាយ​ទៅលើ​ជំពូក​ផ្សេងៗ​ជាច្រើន​ទៀត​។​

​ក្រុម​មន្ត្រី​នៅ​ក្នុង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តរតនគិរី​បានឲ្យដឹង​ទៀតថា​៖​គ្រាន់តែ​ក្នុង​ជំពូក​៦០​គឺ​លោក​ចាន់ ប៊ុនធឿន​កឹ​បកេង​បាន​ថវិកា​មិន​តិច​ជាង​៣០​លាន​រៀល​នោះទេ​ហើយ​ការចំណាយ​លើ​ផ្នែល​ថែទាំ​និង​ជួសជុល​អគារ​ការថែទាំ​និង​ជួសជុល​ប្រព័ន្ធ​ធារាសាស្ត្រ​និង​ការចំណាយ​លើ​ជំពូក​៦១​គឺ​លោក​ចាន់ ប៊ុនធឿន​កឹបកេងអ​ស់​មិន​តិច​ជាង​១០០​លាន​រៀល​ឡើយ​។​

​ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា ៖ នៅ​ដើមឆ្នាំ​២០១៨​នេះ​លោក​ចាន់ ប៊ុនធឿន និង​បក្ខពួក​កំពុង​បង្កើន​ខ្ទង់ចំណាយ​ច្រើនជាង​មុន​សម្រាប់​មន្ទីរ​ធនធាន​ទឹក​ខេត្ត​រតនគិរី ដើម្បី​ងាយស្រួល​កេងប្រវ័ញ្ច​យក​ទៅ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់​ខ្លួន​យ៉ាង​គឃ្លើន​។ រឿងអាស្រូវ របស់​លោក​ចាន់ ប៊ុនធឿន មាន​ច្រើន​បែប​ច្រើនយ៉ាង​ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ថវិកា​រាប់រយ​លាន​រៀល​ក្នុង​មួយឆ្នាំៗ ដូច្នេះ​លោក​លឹម​គានហោ​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក​ចាន់ ប៊ុនធឿន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ ។​

​ប្រការ​ដែល​លោក​ចាន់ ប៊ុនធឿន​និង​បក្ខពួក​ហ៊ាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​រាលដាល គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បើ​មិន​ដូច្នេះ​ទេ​គឺ​ពួកគេ​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។​

​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តរតនគិរី​បាន​អំពាវនាវ​ឲ្យ​លោក​លឹម​គានហោ​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក​ចាន់ ប៊ុនធឿន​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តរតនគិរី​ជាបន្ទាន់​។​

​ដោយហេតុ​ថា​ក្នុង​មួយឆ្នាំៗ​លោក​ចាន់ ប៊ុនធឿន​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​រតនគិរី និង​បក្ខពួក​មួយចំនួន​តូច​បាន​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិកាជាតិ​រាប់​រយ​លាន​រៀល​យកទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ជាមួយគ្នានេះ ក៏​មាន​ការអំពាវនាវ​ឲ្យ​លោក​ឱម​យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​របស់​លោក​ចាន់ ប៊ុនធឿន​ព្រមទាំង​បក្ខពួក​ផងដែរ​ដើម្បី​កុំឲ្យ​ពួកគេ​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិកាជាតិ​យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​បន្តទៅទៀត​៕

 

loemkianhor chanbunthoeun

You might like