ឯកឧត្តមវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក្នុងពិធីប្រកាសចូលកាន់តំណែងនាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

ថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១
ឯកឧត្តមវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងពិធីប្រកាសចូលកាន់តំណែងនាយកវិទ្យា ស្ថានជាតិកសិកម្មកំពង់ចាមនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការឯកឧត្តម លោកជំទាវលោក លោកស្រី សាស្រ្តាចារ្យលោកគ្រូ អ្នកគ្រូ និងនិស្សិត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម សួន សេរីអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលជាអតីតនាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមបានរាយការណ៍ជូនអង្គពិធីជ្រាបអំពីវឌ្ឍនភាពរបស់វិទ្យាស្ថានទាក់ទងការអភិវឌ្ឍធនធាន
មនុស្សលើវិស័យកសិកម្ម ធនធានសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត រួមទាំងសមិទ្ធផលសំខាន់ៗ កិច្ចសហការជាតិ អន្តរជាតិ បញ្ហាប្រឈមនានាដែលវិទ្យាស្ថានបានជួបប្រទះក្នុងរយៈពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្ស និងចូលរួមអបអរជាមួយសាស្រ្តាចារ្យ លោក គ្រូ អ្នកគ្រូ និស្សិត និងអាជ្ញាធរខេត្ត ជាពិសេសលោក ហែម វីរ: ជានាយកវិទ្យាស្ថានថ្មីដែលនឹងចូលកាន់តំណែងចាប់ពីពេលនេះតទៅ។

មានមតិសំណេះសំណាលជាមួយ សាស្រ្តាចារ្យ លោក គ្រូ អ្នកគ្រូ និងនិស្សិតនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញ
ភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់និងទទួល
ខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់របស់វិទ្យាស្ថាន ដោយទទួលបាននូវសមិទ្ធ
ផល ស្នាដៃជាច្រើនគួរជាទីមោទនៈ ហើយការលះបង់ទាំងកំលាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងធនធានរបស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត សម្រេចទទួលបានសមិទ្ធ
ផលយ៉ាងធំធេងសម្រាប់ប្រទេសជាតិ ជាពិសេសសម្រាប់ខេត្តកំពង់ចាម ស្តែងចេញឲ្យឃើញយ៉ាងច្បាស់អំពីការរីកចម្រើននៃវិស័យកសិកម្ម។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចជូនអង្គពិធីជ្រាបដោយ
សង្ខេបថា ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានបង្វែរទិសដៅ ផ្តោតភ្ជង់មកលើវិស័យកសិកម្មជាពិសេស ដោយបានជំរុញ គាំទ្រលើកទឹកចិត្តនិងជួយឧបត្តម្ភប្រជាពលរដ្ឋ ជាពិសេសក្រសួងឲ្យខិតខំពង្រឹងភាពម្ចាស់ការក្នុងការផលិត ដើម្បីធានាសន្តិសុខស្បៀង ផ្គត់ផ្គង់តម្រូវការទីផ្សារ បង្កើតឱកាសការងារ តាមរយ:ការបង្កើនផលិតភាពផលិតកម្មកសិកម្ម ឲ្យកាន់តែមាន
ប្រសិទ្ធភាព ធានាបាននូវគុណភាព សុវត្ថិភាពកសិផល ដើម្បីធ្វើការនាំ ចេញ ប្រកួតប្រជែងស្នើមុខមាត់ ធន់នឹងការប្រែប្រួលអាកាសធាតុបរិយាប័ន្ន និរន្តរភាព វិបុលភាពនិងសុខុមារភាពរបស់ប្រជាពលរដ្ន។មានស្មារតីទទួលខុសត្រូវ
អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោវិស័យកសិកម្មបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការ
ជំរុញកំណើរផលិតកម្មស្បៀង បង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញ បង្កើនប្រាក់ ចំណូលបង្កើតការងារពង្រីកទីផ្សារកសិផលអនុវត្តបច្ចេកវិទ្យាទំនើប ទាន់សម័យ ធានាបានប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ច នៅក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល។

ជាចក្ខុវិស័យ និងទិសដៅគោលនយោបាយវែងឆ្ងាយគឺ “ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកូតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពដើម្បីបង្កើនប្រាក់ចំណូលគ្រួសារកសិករ” ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ឯកឧត្តមរដ្ឋមន្ត្រី
បានយកពេលដ៏មានតម្លៃនេះ ធ្វើការណែនាំដល់នាយកវិទ្យាស្ថានថ្មី សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិត ទទួលយកនូវអនុសាសន៍គន្លឹះមួយចំនួនដូចខាងក្រោម ទៅកែច្នៃ គិតគូ ពិចារ ណា និងព្យាយាមអនុវត្តឲ្យស្របតាមស្ថានភាពជាក់ស្តែងដែលប្រទេសយើង ក៏ដូចជាអន្តរជាតិកំពុងប្រឈម មានដូចតទៅ៖

ទី១- ដើម្បីពង្រឹងគុណភាពអប់រំ ត្រូវខិតខំធ្វើកំណែទម្រង់ប្រព័ន្ធសិក្សា កែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្រ្តបង្រៀននិងមធ្យោបាយសម្ភារបង្រៀន ឯកសារបង្រៀន ការងារពិសោធន៍ ស្រាវជ្រាវក្នុង និងក្រៅមន្ទីរពិសោធន៍ ផ្សព្វផ្សាយ ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ជាគោលនយោយបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣ និងគោលនយោបាយសំខាន់ៗផ្សេងៗទៀត។

ទី២- ស្វះស្វែង កៀរគរ រកប្រភពជំនួយឧបត្ថម្ភទាំងធនធានមនុស្ស សម្ភារ និងថវិកាពីគ្រប់មជ្ឈដ្ឋានដើម្បីពង្រឹងគុណភាពអប់រំ ស្រាវជ្រាវ និងពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។

ទី៣- ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ជាតិ អន្តរជាតិដៃគូអភិវឌ្ឍន៍ វិស័យឯកជនសហគមន៍កសិកម្ម ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីឲ្យការអនុវត្តផែនការសកម្មភាពអភិវឌ្ឍធនធាន
មនុស្សប្រព្រឹត្តដោយរលូន ផ្លែផ្កានិងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។

ទី៤- ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុង ប្រកាន់យកក្រមសីលធម៌ជាមន្រ្តីរាជការសាធារណក្នុងការបំពេញភារកិច្ចដូចមានចែងក្នុងជំពូកទី៥ មាត្រា៣៣ ដល់មាត្រា៣៨ ក្នុងច្បាប់ស្តីពីសហលន្តិកៈមន្ត្រីរាជការស៊ីវិល។ ដឹកនាំ និងគ្រប់គ្រងលើមន្ត្រីរាជការប្រកបដោយសមធម៌ ប្រគល់ការងារតាមសមត្ថភាព ទប់ស្កាត់រាល់សកម្មភាពបំបែកបំបាក់ផ្ទៃក្នុងនិងយុត្តិធម៌។

មិនត្រូវយកតួនាទីរបស់ខ្លួនធ្វើជាខ្នងបង្អែក និងបក្សពួកខ្លួនណាមួយឡើយ មិនត្រូវលាបពណ៌គ្នាឯង ជាពិសេសមន្ត្រីនៅថ្នាក់ក្រោមមិនមើល
បំណាំគ្នានិងស្តាប់យោបល់ថ្នាក់ក្រោមបង្គាប់ដោយអនុវត្តគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ”។

ទី៥-វិទ្យាស្ថានដុះកើតនិងរស់នៅដោយផ្ទាល់ជាមួយប្រជាកសិករខេត្តកំពង់ចាម ដូច្នេះត្រូវចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ដើម្បីចុះសិក្សា ស្រាវជ្រាវ ស្វែងយល់ទទួលយកនិងដោះស្រាយនូវរាល់បញ្ហាទាក់ទងនឹងចំណេះ ជំនាញយើងផ្ទាល់ឲ្យបានទាន់ពេលមានប្រសិទ្ធភាព
និងទទួលបានប្រសិទ្ធផលខ្ពស់។

ចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថាមន្ត្រីរាជការក្រោមឱវាទទាំងអស់ នឹងខិតខំបំពេញភារកិច្ចរបស់ខ្លួនទៅតាមការបេ្តជ្ញាចិត្តរបស់ឯកឧត្តមនាយកវិទ្យាស្ថានក្នុងស្មារតីសាមគ្គីភាពភាតរភាព យោគយល់គ្នានិងរួមសហ
ការឲ្យបានល្អប្រសើរជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ វិស័យឯកជនដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ហើយសង្ឃឹមថាគ្រប់ដៃគូពាក់ព័ន្ធទាំងអស់នឹងបន្តជួយឧបត្ថម្ភគាំទ្រនិងផ្តល់នូវកិច្ចសហការល្អដើម្បីបុព្វហេតុនៃការអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យកសិកម្ម។FB_IMG_1613620607415 FB_IMG_1613620600844 FB_IMG_1613620624071 FB_IMG_1613620619849 FB_IMG_1613620616226 FB_IMG_1613620562490 FB_IMG_1613620558595 FB_IMG_1613620554004 FB_IMG_1613620549967 FB_IMG_1613620545428 FB_IMG_1613620584237 FB_IMG_1613620527331

You might like