កិច្ចប្រជុំស្តីពីការរៀបចំសណ្តាប់ធ្នាប់និងការគ្រប់ គ្រងសំណល់រឹង-រាវ សំរាមនៅតាមបណ្តោយឆ្នេរអូរឈើទាល

រសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលក្រុងព្រះសីហនុ បានបើកកិច្ចប្រជុំស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងការគ្រប់គ្រងសំណល់រឹង-រាវ សំរាមនៅតាមបណ្តោយឆ្នេរអូរឈើទាល ក្រោមអធិបតីភាពលោក អុី សុខឡេង អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ និងបានការអញ្ជើញចូលរួមពីមន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អធិការនគរបាលក្រុង ចៅសង្កាត់លេខ៤ ក្រុមហ៊ុនសំរាមKSWM និងបងប្អូនអាជីវករនៅតាមបណ្តោយឆ្នេរអូរឈើទាល សរុបចំនួន ៣៤នាក់។

ស្ថិតក្នុងកិច្ចប្រជុំលោកអភិបាលក្រុង មានប្រសាសន៍ណែនាំដល់អាជីវករឆ្នេរអូរឈើទាលពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មឱ្យបានគ្រប់ទីតាំង ការរៀបចំស្លាកអាជីវកម្មឱ្យមានសោភ័ណភាព ការចូលរួមរៀបចំសណ្តាប់ធ្នាប់បរិស្ថានជុំវិញទីតាំងអាជីវកម្ម និងការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីអោយក្រុមហ៊ុនទៅប្រមូលអោយបានស្អាត។

ក្នុងនោះលោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏បានផ្សព្វផ្សាយពីការជំរុញអោយអាជីវករធ្វើអាជ្ញាប័ណ្ណអាជីវកម្ម ការរៀបចំបន្ទប់ទឹកស្អាត រៀបចំចំណតរថយន្ត ផ្លូវថ្មើរជើងមុខ-ក្រោយតូបអាជីវកម្ម ការងារសណ្តាប់ធ្នាប់ ស្លាកយីហោអាជីវកម្ម និងការឧបត្ថម្ភផ្សេងៗសម្រាប់បម្រើផលប្រយោជន៍រួមនៅទីតាំងឆ្នេរអូរឈើទាល។

បន្ទាប់មកក្រុមហ៊ុនសំរាមKSWM បានជម្រាបជូនអង្គប្រជុំថា នៅទីតាំងឆ្នេរអូរឈើទាលនេះ ក្រុមហ៊ុនបានទៅប្រមូល និងដឹកជញ្ជូនសំរាមជារៀងរាល់ថ្ងៃ (១ដងក្នុង១ថ្ងៃ) ដោយប្រមូលពីម៉ោង ៥ព្រឹក ដល់ម៉ោង ៧ព្រឹក ហើយក្រុមហ៊ុននឹងបន្ថែមការប្រមូលសំរាម ១ដងទៀតនៅថ្ងៃសុក្រ-សៅរ៍-អាទិត្យ ដោយបន្ថែមការប្រមូលចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។

ជាចុងបញ្ចប់អាជីវករឆ្នេរអូរឈើទាល ដែលបានអញ្ជើញចូលរួមប្រជុំនារសៀលនេះ ទទួលបាននូវផែនការ និងការផ្សព្វផ្សាយរបស់អង្គប្រជុំ ដោយយកទៅអនុវត្ត និងផ្សព្វផ្សាយបន្តដល់ទីតាំងដែលមិនបានចូលរួម ដើម្បីសោភ័ណតំបន់ឆ្នេរអូរឈើទាលស្អាត ការចូលរួមសម្អាតអនាម័យ ការចូលរួមប្រឡងប្រណាំងឆ្នេរស្អាត និងទីក្រុងស្អាតរបស់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕FB_IMG_1609939121660 FB_IMG_1609939147405 FB_IMG_1609939141874 FB_IMG_1609939134658

You might like