សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលចប់បេសកកម្មកាទូត..

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកម្មកាទូតរយៈពេល៤ឆ្នាំកន្លះនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបនោះឯកឧត្តមម៉ៃឃែល តាន់ (Michael Tan)បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថាក្នុងរយៈពេល៤ឆ្នាំកន្លះ ក្នុងការបំពេញបេសកកម្មនៅកម្ពុជាឯកឧត្តមពិតជាមានមោទនភាពណាស់ដែលបានធ្វើការយ៉ាងជិតស្និតជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ជាមួយមិត្តភក្តិ មន្ត្រីរាជការថ្នាក់ដឹកនាំជាពិសេសបានទទួលការគាំទ្រក៏ដូចជាសហការយ៉ាងល្អអំពីរាជរដ្ឋាភិបាលកម្ពុជាដែលនាំឱ្យបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់នោះគឺនាំមកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏ដូចជាការវិនិយោគលើវិស័យទេសចរណ៍និងការអភិវឌ្ឍធនធានមនុស្សមានការកើនឡើងខ្ពស់មួយកម្រិតថែមទៀត។

ឯកឧត្តមក៏បានមានប្រសាសន៍បន្តទៀតថា ក្នុងដំណាក់កាលការទូតរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា ឯកឧត្តមក៏បានជួបនូវបញ្ហាជំងឺកូវីដ-១៩ ដែលពិភពលោកទាំងមូលកំពុងជួបប្រទះក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមក៏បានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោថាកម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាពបំផុតសម្រាប់ការរស់នៅ ដែលបានរួចផុតពីការឆ្លងនៃជំងឺកូវីដ-១៩នេះ។

ឯកឧត្តមពិតជាមានមោទនភាពដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានអនុញ្ញាតឲ្យឯកឧត្តមរៀបចំកម្មវិធីដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ដោយយល់ឃើញថាកម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាពមិនមានការរីករាលដាលជំងឺកូវីដ-១៩ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការរៀបចំនោះប្រព្រឹត្តទៅបានជោគជ័យ ដោយអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

ឯកឧត្តមក៏បានបន្ថែមទៀតថា ឯកឧត្តមពិតជាមានជំនឿជឿជាក់ថា កម្ពុជា និងសិង្ហបុរី នឹងអាចមានទំនាក់ទំនងកាន់តែល្អប្រសើរឡើងថែមទៀតក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ ហើយទាំងអស់នេះ អាចធ្វើទៅបានដោយមានការគាំទ្រ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្ថាប័ន និងស្ថាប័ន ជាពិសេសរវាងមន្ត្រីរាជការនិងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) និងរដ្ឋាភិបាលសិង្ហបុរី ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជារយៈពេលកន្លងមក។ សម្ដេចតេជោ ក៏បានយល់ស្របផងដែរចំពោះការលើកឡើងរបស់សិង្ហបុរីអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះឯកឧត្ត ម៉ៃឃែល តាន់ (Michael Tan) ដែលបានប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការពង្រីកពង្រឹងលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងបេសកកម្មកាទូតរបស់ឯកឧត្តមកន្លងមកនេះ។

ពាក់ព័ន្ធទៅនឹងបញ្ហាជំងឺកូវីដ-១៩សម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានមានយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈសមរភូមិ៣ដែលសមរភូមិទី១គឺធ្វើយ៉ាងណាប្រយុទ្ធទប់ស្កាត់កុំឲ្យនាំចូលជំងឺនេះមកពីប្រទេសខាងក្រៅសមរភូមិទី២គឺធ្វើយ៉ាងណាគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ទៅកាន់សហគមន៍និងសមរភូមិទី៣គឺធ្វើយ៉ាងណាព្យាបាលអ្នកជំងឺដែលបានឆ្លងជំងឺកូវីដ-១៩នេះឱ្យជាសះស្បើយ៕FB_IMG_1604381949294

FB_IMG_1604381966654

FB_IMG_1604381973722

FB_IMG_1604381946154

You might like