រដ្ឋបាលខណ្ឌប្ញស្សីកែវបានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤

នាព្រឹកថ្ងៃអង្គារទី១១ខែមិថុនាឆ្នាំ​២០២៤​នេះ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤ក្រោមក្រោមអធិបតីភាព ឯកឧត្តម អ៉ីមរ៉ន ហាស្សាន់ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពី លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌ លោកប្រធានមន្ទីរផែនការរាជធានីភ្នំពេញ លោកអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ លោកស្រីអនុប្រធានរតនាគាររាជធានីភ្នំពេញ ក្រុមការងាររាជធានីភ្នំពេញ ក្រុមការងារការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ លោក-លោកស្រីចៅសង្កាត់ ស្មៀន គណ:កម្មការលទ្ធកម្មទាំង០៧សង្កាត់ និងប្រជាពលរដ្ឋជាម្ចាស់ក្រុមហ៊ុនដេញថ្លៃ សរុប ៩១ នាក់( ស្រី ១៦ នាក់)។

នាឱកាសនោះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវបានឱ្យដឹងថា ឆ្នាំនេះជាឆ្នាំទី២ របស់ក្រុមប្រឹក្សា សង្កាត់អាណត្តិទី៥ ដែលបានលើកផែនការអភិវឌ្ឍប្រចាំឆ្នាំរបស់ខ្លួន តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយក្រុមប្រឹក្សាសង្កាត់នីមួយៗ មានគណនេយ្យភាពជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សារាជធានីភ្នំពេញ មានការណែនាំពីទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិ ថ្នាក់រាជធានីភ្នំពេញ មន្ទីរផែនការ ទីចាត់ការផែនការ និងវិនិយោគរាជធានី ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។លោកអភិបាលខណ្ឌបានបន្តថា ក្នុងឆ្នាំកន្លងទៅនេះ ខណ្ឌបានដំណើរការដេញថ្លៃគម្រោងរបស់សង្កាត់ទាំង៧ ដោយបានខិតខំកែលំអសោភ័ណភាព កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាការជួសជុល ផ្លូវបេតុង គ្មានសរសៃដែក ជីកដាក់លូរំដោះទឹក ជួសជុលផ្លូវអ៊ុតកៅស៊ូ ជាដើម។ ជាមួយគ្នានេះ សូមម្ចាស់ក្រុមហ៊ុន ឬតំណាងក្រុមហ៊ុន ទាំងអស់ដែលបានមកចូលរួមដេញថ្លៃ នាថ្ងៃនេះ ត្រូវពិចារណា ឱ្យបានហ្មត់ចត់ពីតម្លៃ និងស្ថានភាពទីតាំងគម្រោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងគោលការណ៍សំខាន់ៗ អំពីការដេញថ្លៃ ។ ជាមួយគ្នានេះដែរ គណៈកម្មការលទ្ធកម្មសង្កាត់នីមួយៗ ត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់ចំពោះក្រុមហ៊ុនដែលដេញថ្លៃឈ្នះ ត្រូវមានលទ្ធភាព សមត្ថភាព ដោយធានាតាមលក្ខណៈបច្ចេកទេស ធានាគុណភាព ពេលវេលា ត្រូវធ្វើការតាមដានគម្រោងជាប្រចាំ និងត្រួតពិនិត្យវាយតម្លៃតាមដំណាក់កាលនីមួយៗ សហការជាមួយប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេស ត្រូវរៀបចំកិច្ចសន្យាគម្រោងយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីការដេញថ្លៃបាន ។

ក្នុងពិធីបិទគម្រោងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤ ឯកឧត្តម អ៉ីមរ៉ន ហាស្សាន់ ក្នុងនាម ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមអបអរសាទរនូវមោទនៈភាពចំពោះការទទួលបានលទ្ធផលល្អប្រសើរ ក្នុងការរៀបចំពិធីដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់នៅថ្នាក់ខណ្ឌ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ នេះ និងផ្តល់នូវអនុសាសន៍ដល់បណ្តាក្រុមហ៊ុន /អ្នកទទួលការគម្រោងអភិវឌ្ឍន៍សង្កាត់ ដែលដេញថ្លៃគម្រោងបានឈ្នះក្នុងថ្ងៃនេះ ដូចខាងក្រោម៖
១.សូមរួសរាន់ចុះកិច្ចសន្យាអនុវត្តគម្រោងជាមួយសង្កាត់ និងបន្ទាប់ពីបានចុះកិច្ចសន្យារួច ត្រូវអនុវត្តតាមផែនការសកម្មភាពការងារឱ្យបានច្បាស់លាស់
២.គម្រោងនីមួយៗត្រូវមានមេការប្រចាំការ មានសៀវភៅតាមដានការដ្ឋាន ជាពិសេសក្នុងការអនុវត្តគម្រោងត្រូវធានាបានគុណភាព បទដ្ឋានបច្ចេកទេស និងសោភ័ណភាព
៣.អនុវត្តគម្រោងឱ្យទាន់ពេលវេលាកំណត់ និងរក្សាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងការដ្ឋាន
៤.ចំពោះរដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ និងគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ត្រូវជូនដំណឹងដល់បណ្តាអង្គភាពពាក់ព័ន្ធ ពីផលប៉ះពាល់ផ្សេងៗក្នុងការអនុវត្តគម្រោង ដើម្បីចូលរួមសហការ និងត្រូវតាមដាន ត្រួតពិនិត្យ ការអនុវត្តគម្រោងរបស់អ្នកទទួលការជាប្រចាំ ដើម្បីឱ្យគម្រោងសង្កាត់សម្រេចបានលទ្ធផលល្អប្រសើរ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនីតិវិធីណែនាំបានកំណត់។

សូមបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២៤ គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ដែលដាក់ឱ្យដេញថ្លៃនាពេលនេះរួមមាន៖
១. គម្រោងស្ដារលូមូល ចំនួន ១២ ខ្សែ = ២,០៨៣ ម៉ែត្រ ក្នុងនោះមាន៖
– មុខកាត់ ០.៦០ ម៉ែត្រ x ១,២៥០ ម៉ែត្រ ចំនួន ០៦ ខ្សែ និងជួសជុលអណ្តូងលូចំនួន ០៦ កន្លែង
– មុខកាត់ ០.៨០ ម៉ែត្រ x ៨៣៣ ម៉ែត្រ ចំនួន ០៦ ខ្សែ និងជួសជុលអណ្តូងលូចំនួន ០៤ កន្លែង
២. គម្រោងដាក់លូមូលចំនួន ១៤ ខ្សែ = ២,៦៧២ ម៉ែត្រ ក្នុងនោះមាន៖
– មុខកាត់ ០.៥០ ម៉ែត្រ x ២៩៨ ម៉ែត្រ ចំនួន ០២ ខ្សែ
– មុខកាត់ ០.៦០ ម៉ែត្រ x ១,៦២១ ម៉ែត្រ ចំនួន ០៨ ខ្សែ
– មុខកាត់ ០.៨០ ម៉ែត្រ x ៤៨៨ ម៉ែត្រ ចំនួន ០៣ ខ្សែ
– មុខកាត់ ១ ម៉ែត្រ x ២៦៥ ម៉ែត្រ ចំនួន ០១ ខ្សែ
៣. គម្រោងជួសជុលផ្លូវបេតុងអាមេ ចំនួន ០៥ ខ្សែ ប្រវែង ៥៦៣ម ទទឹង (៤.៣៨ម/៥.១៥ម/៥.៥៤ម) កម្រាស់ ០,១៥ម
៤.គម្រោងជួសជុលផ្លូវបេតុងគ្មានសរសៃដែក ចំនួន ០៣ ខ្សែ ប្រវែង ៩៧៦ម ទទឹង (២ម/៣.៧២ម) កម្រាស់ ០.១២ម
៥.ដាក់ភ្លើងសូឡាបំភ្លឺផ្លូវចំនួន ២២៦ កំប្លេ ៕FB_IMG_1718161211773 FB_IMG_1718158955744 FB_IMG_1718159705957 FB_IMG_1718159719677 FB_IMG_1718161198257 FB_IMG_1718158977043 FB_IMG_1718159086133 FB_IMG_1718159092174 FB_IMG_1718159724529

You might like