ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំក្រុមការងារក្រសួង និងកងកម្លាំងចម្រុះចុះជួយសង្គ្រោះស្រូវរបស់ប្រជាជន នៅស្រុកគិរីវង់​ ខេត្តតាកែវ

ពេញមួយថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំនិងក្រុមការងារយុវជនក្រសួង និងដោយមានការសហការចូលរួមពីសំណាក់កងកម្លាំងយោធា នគរបាល និងអាជ្ញាធរខេត្តតាកែវ បានរួមគ្នាក្នុងប្រតិបត្តិការជួយសង្គ្រោះប្រមូលផលស្រូវរបស់ប្រជាជន នៅស្រុកគិរីវង់ ខេត្តតាកែវ ។
យោងតាមការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំមើលឃើញការប្រមូផលស្រូវរបស់ប្រជាជនធ្វើឡើងមានការលំបាកដោយសារទឹកភ្លៀងចេះតែមានបន្តឡើងខ្លាំងជាហេតុធ្វើឱ្យម៉ាស៊ីនច្រូតមិនអាចជួយចុះច្រូតបានឡើយ។ ដូច្នេះហើយទើបក្រសួងសម្រេចចុះអន្តរាគមន៍បន្ទាន់ ដោយមានការសហការពីសំណាក់អាជ្ញាធរខេត្ត កងកម្លាំងយោធា នគរបាល និងយុវជនក្រសួង នៅក្នុងប្រតិបត្តិការជួយច្រូតសង្គ្រោះស្រូវជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យខូចផលស្រូវដែលទទួលផលបាន បន្ទាប់មកទៀតទើបអាចយកទៅបោកម៉ាស៊ីនបាន។

បើតាមការគូសបញ្ជាក់ពីឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការជាមួយក្រសួងធនធានទឹកខេត្ត ដើម្បីអន្តរាគមន៍បូមទឹកចេញឱ្យអស់ ដើម្បីងាយស្រួលធ្វើឱ្យម៉ាស៊ីនចូលច្រូតបានទាន់ពេលវេលា ដោយនៅតំបន់នេះ មានដីស្រែសរុបប្រមាណជាង ២ពាន់ហិចតា ដែលកំពុងត្រូវការប្រមូលផលបន្ទាប់មកត្រូវបានកងកម្លាំងនៅតែបន្តជួយប្រជាពលរដ្ឋក្នុងការច្រូតកាត់រហូតដល់អស់ ស្រូវក្នុងស្រែដែលត្រូវការប្រើរយ:ពេលយ៉ាងយូរ ១០ថ្ងៃទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគោលនយោបាយអាទិភាពពាក់ព័ន្ធនឹងវិស័យកសិកម្ម របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងអញ្ជើញមកប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ ដែលផ្ដោតសំខាន់លើការជួយទ្រទ្រង់វិស័យកសិកម្ម តាមរយៈការរក្សាស្ថិរភាពតម្លៃតាមរយៈសម្បទានក្នុងខ្សែច្រវាក់តម្លៃ ការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ការកសាងសហគមន៍កសិកម្មទំនើប ធ្វើយ៉ាងណាជួយដល់កសិករឱ្យអស់លទ្ធភាព ដើម្បីចៀសផុតពីបញ្ហាប្រឈម ទាំងហានិភ័យអាកាសធាតុ ទីផ្សារ វិបត្តិដើមទុន និងកង្វះបច្ចេកទេស ដើម្បីឱ្យសហគមន៍ និងកសិករទាំងអស់ទទួលបានផលប្រយោជន៍ពីគោលនយោបាយ និងការអភិវឌ្ឍន៍ឱ្យមានជីវភាពកាន់តែប្រសើរឡើងផងដែរ៕FB_IMG_1699835336702 FB_IMG_1699835294875 FB_IMG_1699835310743 FB_IMG_1699835315437 FB_IMG_1699835340995 FB_IMG_1699835343735 FB_IMG_1699835351978 FB_IMG_1699835355863 FB_IMG_1699835363836 FB_IMG_1699835348904

You might like