ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូសមាជិកសមាជិការដ្ឋសភា អញ្ជើញដាក់កម្រងផ្កា រំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៅបរិវេណវិមានឯករាជ្យ និងបានអញ្ជើញចូលថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌលសួនច្បារខាងកើតវិមានឯករាជ្យ។
នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែក ព្រះរាជាណាចក្រកម្ពុជានឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ(៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ។ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដជូនជាតិមាតុភូមិ៕