ឯកឧត្តមប៊ុន ហ៊ានរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយមចុះពិនិត្យមើលស្ថានភាពអាងស្តុកទឹកសំខាន់ៗ ក្នុងខេត្តកំពង់ចាម

នៅថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង និងដោយមានការចូលរួមពីលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានចុះពិនិត្យមើលស្ថានភាពការងារបង្កបង្កើនផលស្រូវរដូវវស្សា និងពិនិត្យមើលស្ថានភាពអាងស្តុកទឹកសំខាន់ៗ ក្នុងខេត្តកំពង់ចាម។

នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យជាក់ស្តែង៖

ទី១៖ អាងស្តុកទឹក៧មីនា និងអាងស្តុកទឹកតាត្រេស ស្ថិតក្នុងស្រុកបាធាយ
ទី២៖ អាងស្តុកទឹកប្រម៉ាត់ដី និងអាងស្តុកទឹក៥កុម្ភៈ ស្ថិតក្នុងស្រុកចំការលើ
ទី៣៖ ព្រែកពាមជីកង និងព្រែកអង្គរបាន ស្ថិតក្នុងស្រុកពាមជីកង ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំនេះ អនុវត្តបានលើផ្ទៃដីចំនួន ៩៩.៣៧៩ហិកតា លើផែនការ ៨៦.៥០០ហិកតា ស្មើនឹង ១១៤.៨៩%។ បរិមាណទឹកភ្លៀងក្នុងឆ្នាំ២០២៣ មានចំនួន ១០៩២.៩០មម បើធៀបនឹងឆ្នាំ២០២២ មានចំនួន ១៣៦៩.៦០មម គឺតិចជាងឆ្នាំ២០២២ ចំនួន ២៧៦.៧០មម។ ដោយឡែក កម្ពស់ទឹកទន្លេមេគង្គនៅស្ថានីយជលសាស្ត្រ បឹងកុកមានកម្ពស់ ១២,៩៨ម៉ែត្រ បើធៀបនឹងឆ្នាំ២០២២ ទឹកមានកម្ពស់ ១១,៥៧ម៉ែត្រ គឺខ្ពស់ជាង ១,៤១ម៉ែត្រ។ ចំពោះស្ថានភាពទឹកនៅតាមអាងស្តុកទឹកសំខាន់ៗនៅទូទាំងខេត្តមិនទាន់ចោទជាបញ្ហានៅឡើយ គិតមកទល់នឹងពេលនេះទឹកទន្លេមេគង្គបានហូរចូលព្រែកចំនួន៣០ លើព្រែកសរុបចំនួន ៤១ខ្សែ។

ឯកឧត្តមរដ្ឋលេខាធិការបានណែនាំដល់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឱ្យយកចិត្តទុក ដាក់តាមដានស្ថានភាពទឹកនៅតាមបណ្តាអាងស្តុកទឹក និងព្រែកធម្មជាតិសំខាន់ៗ និងត្រៀមលក្ខណៈ សម្រាប់ការងារអន្តរាគមន៍សង្គ្រោះទឹកជំនន់ ឬគ្រោះរាំងស្ងួតដែលអាចកើតមានឡើងនៅចុងឆ្នាំ២០២៣ នេះ។FB_IMG_1695130368425 FB_IMG_1695130372173 FB_IMG_1695130379296 FB_IMG_1695130398606

You might like