ខេត្តសៀមរាប ៖ ក្នុងដំណើរចុះសួរសុខទុក្ខ កុមារី ជិះស្នោលើទឹកទៅរៀន ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក៏បានឆ្លៀតឱកាស ជួបជាមួយកុមារី កុមារា ជាច្រើននាក់ទៀតផងដែរ។
ឯកឧត្តម ប្រាក់ សោភ័ណ នៅថ្ងៃសៅរ៍ទី ២ខែកញ្ញាម្សិលមិញ បានចុះជួបសួរសុខទុក្ខគ្រួសារ របស់កុមារី ឆុង គន្ធា ដល់លំនៅឋាន ស្ថិតក្នុងភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដែលជាសហគមន៍បណ្ដែតទឹក នៃបឹងទន្លេសាប ដើម្បីជាការលើកទឹកចិត្តដល់រូបនាង និងបង្ហាញភាពជាគំរូដ៏ល្អ សម្រាប់សិស្សានុសិស្ស គ្រប់រូបយកតម្រាប់តាម សម្រាប់អនាគត ភ្លឺស្វាង។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួកបញ្ជាក់ថា កុមារីគន្ធា ជាសិស្សរៀននៅសាលាបឋមសិក្សាមេជ្រៃ ស្ថិតនៅភូមិពាមតាអួរ ដែលមានសិស្ស សរុបជាង ២០០នាក់។
សាលារៀននេះ ត្រូវបានចល័តចុះឡើង ទៅតាមរដូវកាលទឹក ដែលជាហេតុធ្វើឱ្យសិស្សទាំងអស់ តែងតែធ្វើដំណើរតាមផ្លូវទឹក ដោយមធ្យោបាយផ្សេងៗ ដើម្បីទៅដល់សាលារៀន។
ចំពោះ កុមារីគន្ធា ដោយតែគ្រួសារមានជីវភាពទីទ័លក្រ ទើបនាងត្រូវចងស្នោផ្គុំគ្នា ដាក់លើក្ដារ(ហៅថាពោង) ជំនួសទូក ដើម្បីធ្វើដំណើរទៅសាលារៀន។
អភិបាលស្រុក បញ្ជាក់បន្ថែមថា បន្ទាប់ពីការចុះជួបសួរសុខទុក្ខកុមារីខាងលើ ឯកឧត្តម ប្រាក់ សោភ័ណ បានណែនាំ ដល់អាជ្ញាធរមូលដ្ឋានពិនិត្យ ឲ្យបានដឹតដល់ និងការគាំពារដល់កុមារ ផ្សេងទៀត ដែលមានជីវភាពប្រហាក់ប្រហែលគ្នានេះ ដោយ យកចិត្តទុកដាក់ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំសាលា ក៏ត្រូវធ្វើការគាំពារដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតដទៃទៀតផងដែរ។
គួរជម្រាបថា ក្នុងការជួបសួរសុខទុក្ខនោះ រដ្ឋបាលស្រុកពួក រួមនឹងអាជ្ញាធរមូលដ្ឋាន បានចូលរួមឧបត្ថម្ភថវិកាចំនួន ២,៥៥០,០០០រៀល និងផ្តល់ទូកស្មាច់ចំនួន ១គ្រឿង សម្ភារ:សិក្សា សំលៀកបំពាក់ គ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត ដល់គ្រួសារកុមារីគន្ធា ដោយឡែក សាលាបឋមសិក្សាមេជ្រៃ ក៏បានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារអាមេរិកផងដែរ៕