ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលក្រុងកែប

រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នេះ​ នៅសាលប្រជុំសាលាក្រុងកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលក្រុងកែប។ ក្នុងពិធីនោះក៏មានការអញ្ចេីញចូលរួមពីសំណាក លោក​ចៅក្រម​ ព្រះអាជ្ញា​ តំណាងសាលាដំបូងខេត្ត លោក​ លោកស្រី​ អភិបាលរងខេត្ត​ តំណាងកងកំលាំងទាំងបី អភិបាល​ អភិបាលរងក្រុង​ ស្រុក​ ប្រធាន​ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ អង្គការសមាគមន៍ និងមន្ត្រីរាជការតាមការិយាល័យចំណុះអោយសាលាក្រុងសរុបចំនួន១៩០នាក់។
​ ក្នុងពិធីនោះ លោក ខេង យ័ន អភិបាលក្រុងកែប បានធ្វើរបាយការណ៍ជូនគណៈអធិបតីនឹងអង្គសន្និបាត ដែលមានខ្លឹមសារថា៖​ ផ្អែកតាមរបាយការណ៍ និងបទអន្តរាគមន៍ អង្គសន្និបាតទាំងមូលបានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលរដ្ឋបាលក្រុងកែប សម្រេចបានក្នុងឆ្នាំ២០២២ ដែលជាលទ្ធផលនៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យរដ្ឋបាលខេត្ត ក្រុង និង សង្កាត់ ខិតខំប្រឹងប្រែងអនុវត្តមុខងារឱ្យកាន់តែល្អប្រសើរ ដោយមានការ ឧបត្ថម្ភគាំទ្រ និងតម្រង់ទិសជាប់ជាប្រចាំដោយ​ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ។
​ មានប្រសាសន៍ផ្តាំផ្ញើក្នុងពិធីបិទសន្និបាតនារសៀលនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានគូសបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់​ លោកអភិបាលក្រុងកែប អំពីលទ្ធផលស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង​ និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងឆ្នាំ២០២២កន្លងមកនេះ។ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ សូមសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច​ អាជ្ញាធរមូលដ្ឋាន​ ចំណុះអោយរដ្ឋបាលក្រុង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានា ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។​ រដ្ឋបាលក្រុង ស្រុក បានខិតខំចូលរួមក្នុងការដោះស្រាយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ពីវិបត្តិនានា និងការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនៅមូលដ្ឋានបានទាន់ពេលវេលា ។
​ ដើម្បីជាទិសដៅនឹងប្រសិទ្ធភាពការងារសម្រាប់អនុវត្តបន្តអោយទទួលបានជោគជ័យនៅឆ្នាំបន្ទាប់​ ឯកឧត្តមបណ្ឌិត បានដាក់ចេញនៅអនុសាសន៍ចំនួន៨ចំណុចដូចតទៅ៖
១-ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថេរភាពសង្គម​ និងការអភិវឌ្ឍប្រកបដោយចីរភាព។
២-ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀតក្នុងការថែរក្សាសន្តិសុខ សណ្តាប់សង្គមអោយបានគត់មត់គ្រប់កន្លែងទូទាំងក្រុងកែប។
៣-ត្រូវបន្តខិតខំស្រាវជ្រាវ និងសិក្សាអោយបានស៊ីជម្រៅ នូវការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ តាមករណីជាក់ស្តែងដើម្បីដោះស្រាយអោយបានទាន់ពេលវេលា។
៤-បន្តខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ធុរជន អោយបានឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។
៥-រដ្ឋបាលក្រុង សង្កាត់ ការិយាល័យ អង្គភាពជំនាញត្រូវបង្កើនកិច្ចសហការដើម្បីសម្រេចអោយបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
៦-ជំរុញការងារផលិតកម្មកសិកម្ម តាមរយៈការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការស្ថាបនា ទំនប់ ប្រឡាយ ទ្វារស្ទាក់ទឹក ផ្លូវគមនាគមន៍ជាដើម។
៧-បន្តផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ អោយមានការយល់ដឹង និងចូលរួមសំអាតអនាម័យ និងរៀបចំសោភ័ណភាពមុខផ្ទះ​នឹងក្នុងលំនៅដ្ឋានរបស់ខ្លូន អោយបានស្អាត​ និងអនាម័យ។
៨-ដោយសារឆ្នាំ២០២៣នេះ ជាឆ្នាំមួយដែលព្រះរាជាណាចក្រកម្ពុជារបស់យេីងនឹងរៀបចំបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៧​ ឆ្នាំ២០២៣​ និងខេត្តកែប របស់យេីង​ ក៏និងក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ស៊ីហ្គេម​ លេីវិញ្ញាសារ​ ទ្រីយ៉ាត្លុង​ និងជាម្ចាស់ផ្ទះបុណ្យសមុទ្រឆ្នាំ២០២៣ ដូចនេះរដ្ឋបាលក្រុងត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក៏ដូចជាការងារចាំបាច់ផ្សេងៗផងដែរ។FB_IMG_1678748387819 FB_IMG_1678748440957 FB_IMG_1678748437974 FB_IMG_1678748444160 FB_IMG_1678748396358 FB_IMG_1678748398911 FB_IMG_1678748405576 FB_IMG_1678748410995 FB_IMG_1678748414922 FB_IMG_1678748417446 FB_IMG_1678748420055 FB_IMG_1678748426616

You might like