សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បើកវគ្គបណ្តុះបណ្តាល អ្នកកាសែតជាង២០០ ជំនាញ «សរសេរអត្ថបទវិភាគពត៌មានជាតិ និងអន្តរជាតិ»និងពិសារអាហារសាមគ្គី 

ខេត្តកណ្តាល៖ សិក្ខាកាមដែលជាអ្នកសារព័ត៌មាននិងសិស្សានុសិស្ស ចំនួន២៣១រូប បានទទួលចំណេះដឹង បទពិសោធន៍ និងការរឹតចំណងសាមគ្គីភាព ក្នុងវគ្គបណ្តុះបណ្តាលជំនាញ សរសេរអត្ថបទវិភាគពត៌មានជាតិ និងអន្តរជាតិ និងពិសារអាហារសាមគ្គី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក នៅទីស្នាកការសមាគម ស្ថិតក្នុងភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។

ឯកឧត្តម ថាំង ប៊ុនសុង អគ្គលេខាធិការសមាគមបាន ធ្វើរបាយការណ៍លទ្ធផលការងារសមាគមជូនអង្គសិក្ខាសាលា និងបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ដោយ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដែលមាន លោក ទេស វិបុល ជាប្រធាន សហការជាមួយ វិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន ដែលមាន ឯកឧត្តមសាស្ត្រាចារ្យ  មឿន ឈានណារិទ្ធ ជាប្រធាន និងជាគ្រូបង្គោលនៃវគ្គនេះ។ គោលបំណងនៃវគ្គនេះ គឺបង្កើនការយល់ដឹងដល់សិក្ខាកាម ស្តីពី ក្រមសីលធម៌និងច្បាប់សារព័ត៌មាន ព្រមទាំង ការវិភាគព័ត៌មានជាតិនិងអន្តរជាតិ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងឱកាស ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកព័ត៌មាន ថា «ត្រូវខិតខំលើកកម្ពស់សមត្ថភាពបុគ្គលិកសារព័ត៌មាន និងធ្វើការបណ្តុះបណ្តាធនធានមនុស្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា»។

ឆ្លៀតក្នុងឱកាសពិសេសនោះ ឯកឧត្តម ថាំង ប៊ុនសុង ថ្លែងបន្តថា ក្នុងនាម សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មាន ទូទាំងប្រទេសកម្ពុជា សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដោះស្រាយសំណូមពរ របស់សមាគម ដោយជួយសម្រួលការលំបាក របស់ ស្ថាប័នសារព័ត៌មានអនឡាញតូចៗគ្មានចំណូល គឺ «ការលើកលែងពន្ធប៉ាតង់ប្រចាំឆ្នាំរយះពេល៥ឆ្នាំ និងការបញ្ជុះតម្លៃ៥០%សម្រាប់ការស្នើសុំអាជ្ញាប័ណ្ណសារព័ត៌មានថ្មី នៅក្រសួងព័ត៌មាន»  ក្នុងឱកាសពិធីជួបជុំលើកទី៥រវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣  ហើយ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារនេះ កាលពីថ្ងៃទី០១ខែមីនាឆ្នាំ២០២៣ រួចហើយ។

លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមស្វាគមន៍ គណៈអធិបតី និងសិក្ខាកាមទាំងអស់។ លោកប្រធាន សូមថ្លែងអំណរគុណ ឯកឧត្តម ផុស សុវណ្ណ  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និង  សោតទស្សន៍ នៃក្រសួងព័ត៌មាន ដែលផ្តល់កិត្តិយសចូលរួមជាអធិបតីពិធីបិទវគ្គ ជាពិសេស ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់កិត្តិយសអញ្ជើញជាអធិបតីពិធីសំណេះសំណាល ពិសារអាហារសាមគ្គី ព្រមទាំង បានជួយឧបត្ថម្ភថវិកា ជូនសិក្ខាកាមក្នុងម្នាក់៥០,០០០រៀល និងអង្គពិធី៨លានរៀល។
ជាមួយគ្នានោះ លោកប្រធាន សូមអរគុណ ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជា ប្រធាននាយកដ្ឋានព័ត៌មាន ដែលបានផ្តល់កិត្តិយសធ្វើជាអធិបតីពីធីបើកវគ្គបណ្តុះបណ្តាលនេះ ជាពិសេស ឯកឧត្តម មឿន ឈានណារិទ្ធ ទីប្រឹក្សារក្រសួងព័ត៌មាន និង លោកស្រីមេធាវី តាំង ស៊ីនហុង ព្រមទាំង លោកព្រឹទ្ធាចារ្យ ហង្ស ចក្រា ដែលគ្រូបង្គោល និង ឯកឧត្តម ស៊ីវ បរិញ្ញា, ឯកឧត្តម យូ សេរីវុឌ្ឍ និងលោកបណ្ឌិត ហោ គន្ធា ព្រមទាំង ឯកឧត្តម លោកជាភ្ញៀវកិត្តិយស និងសិក្ខាកាមទាំងអស់ដែលបានចូលរួម។

សូមបញ្ជាក់ថា ក្រោយបញ្ចប់វគ្គសិក្សានេះ សិក្ខាកាមទទួលបានទទួលចំណេះដឹងសំខាន់ៗដូចជា៖ ទិដ្ឋភាពរួមនៃប្រព័ន្ធផ្សព្វផ្សាយបច្ចុប្បន្ន  និយមន័យនៃអត្ថបទវិភាគ រចនាសម្ព័ន្ធបទវិភាគ និងផលប្រយោជន៍នៃបទវិភាគ  ក្រមសីលធម៌របស់អ្នកសារព័ត៌មាន  ច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមពហ្មទណ្ឌទាក់ទង។

ក្រោយបញ្ចប់វគ្គ សិក្ខាកាមទាំងអស់ទទួលបាន វិញ្ញាបនបត្របញ្ជាក់ការសិក្សា និង បានពិសារអាហារសាមគ្គី ចែលរំលែក សុខ ទុក្ខ បទពិសោធន៍ និង ពង្រឹងមិត្តភាព កិច្ចសហការ ដើម្បីចូលរួមរាយការណ៍ព័ត៌មាន អភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕IMG_20230313_165214_594 IMG_20230313_164808_774 IMG_20230313_164726_800 IMG_20230313_164757_539 IMG_20230313_164759_609 IMG_20230313_164916_082 IMG_20230313_164922_920 IMG_20230313_164929_422

You might like