នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្បាច់គុនល្បុក្កតោខ្មែរ ដែលមានអាយុកាលជាង ២០០០ឆ្នាំ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ជាផ្លូវការ ក្នុងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាល ធ្វើឡើងនៅប្រទេសម៉ារ៉ុក។
ប្រជាពលរដ្ឋខ្មែរ ពិតជាមានមោទកភាពខ្លាំងណាស់ ចំពោះការចុះបញ្ជីនេះ ព្រោះថា ក្បាច់គុនល្បុក្កតោ នឹងមិនត្រឹមតែមានគុណតម្លៃសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែកាន់តែមានតម្លៃជាសកលថែមទៀតផង ហេីយមានព្រលឹងជាអមតៈ។ កម្ពុជា នឹងរឹតតែមានលទ្ធភាពក្នុងការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនបុរាណខ្មែរមួយនេះ ឱ្យកាន់តែល្អប្រសើរឡើង។
ម្យ៉ាងទៀតប្រជាពលរដ្ឋខ្មែរយល់ថាភាពជោគជ័យ និងមោទនភាពជាតិដ៏ធំធេងថ្មីមួយនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមការបាត់បង់។
សូមសាធារណជនទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមថែរក្សាការពារ និងលើកតម្កើងតម្លៃវប្បធម៌ជាតិឱ្យសម្រេចបានជោគជ័យ និងល្បីរន្ទឺសុះសាយតទៅមុខជានិរន្តរ៍។