បទល្មើសដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឆ្លងកាត់មូលដ្ឋានពួកគាត់នៅតែកើតឡើងយ៉ាងរាលដាលហើយការបង្ក្រាបរបស់សមត្ថកិច្ចគ្មានប្រសិទ្ធភាពនោះឡើយ។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំក្រាំងស្គារស្រុកទឹកផុសខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកទឹកផុស បង្ក្រាបបានតែប្រជាពលរដ្ឋដែលដឹកឈើបន្តិចបន្តួចតាមគោយន្តនិងអ្នកដឹកអុស ដឹកធ្យូងដើម្បីយកស្នាដៃបង្ហាញថ្នាក់លើ ចំណែកឈ្មួញដឹកឈើតាមរថយន្តធំៗចំណុះរាប់សិបម៉ែត្រគូបមិនដែលឃើញមានសមត្ថកិច្ចណាប៉ះពាល់នោះទេ។ មេរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថាគឺជាអ្នកឃុបឃិតបើកដៃឲ្យមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុកទឹកផុស ប្រមូលលុយពីបទល្មើសព្រៃឈើយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងគឃ្លើន។
កាលរំលងអធ្រាត្រយប់ថ្ងៃទី១៨ឈានចូលថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០១៨ សមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសបានចាត់វិធានការបង្ក្រាបរថយន្តដឹកឈើប្រភេទកូនខ្លុង និងកូនផ្ចឹកបកសម្បក១គ្រឿងនៅចំណុច១០៦ ឃុំក្រាំងស្គារស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។ ក្រោយពេលបង្ក្រាបសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសបានប្រគល់ទាំងរថយន្តនិងឈើជាវត្ថុតាងទៅឲ្យមន្ត្រីរដ្ឋបាលព្រៃឈើនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើទឹកផុស ដើម្បីចាត់ការបន្តតាមនីតិវិធី។ ប្រការនេះហើយដែលប្រជាពលរដ្ឋក្នុងស្រុកទឹកផុស គ្មានជំនឿលើសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកទឹកផុសគឺជាអ្នកឃុបឃិតឲ្យបទល្មើសព្រៃឈើកើតឡើងយ៉ាងពេញបន្ទុក។ ជាងនេះទៅទៀតក្នុងការបង្ក្រាបរថយន្តដឹកជញ្ជូនឈើខុសច្បាប់កាលពីរំលងអធ្រាត្រ យប់ថ្ងៃទី១៨ឆ្លងចូលថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០១៨ គឺសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសមិនបានបង្ហាញអត្តសញ្ញាណឈ្មួញជាម្ចាស់រថយន្តដឹកឈើនោះទេ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រយៈពេលប្រមាណ៣ខែចុងក្រោយនេះឈ្មួញសម្រុកដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឆ្លងកាត់ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងចូលទៅស្រុកថ្ពងនិងស្រុកឧដុង្គខេត្តកំពង់ស្ពឺយ៉ាងច្រើន។ មានការរិះគន់ចំៗថាមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង មិនចាត់វិធានការបង្ក្រាបបទល្មើសដែលកើតឡើងយ៉ាងគគ្រឹកគគ្រេងនោះទេ ហើយយូរៗម្តងទើបឃើញសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសចុះមកបង្ក្រាបដល់ក្នុងស្រុកទឹកផុស តែម្តង។ ក៏ប៉ុន្តែការបង្ក្រាបរបស់សមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស គ្រាន់តែធ្វើឲ្យល្អមើលប៉ុណ្ណោះព្រោះជាក់ស្ដែងក្រុមឈ្មួញធំៗនៅតែអាចដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឆ្លងកាត់ឃុំក្រាំងស្គារស្រុកទឹកផុស ដដែល។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំក្រាំងស្គារ បានបញ្ជាក់ថាមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀតកំពុងចាត់ទុកបទល្មើសព្រៃឈើជាប្រភពចំណូលរបស់ខ្លួន ហេតុនេះហើយទើបពួកគេបណ្ដោយឲ្យបទល្មើសកើតឡើងយ៉ាងខ្លាំងផងដែរ៕